សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យស្ថាប័នពាក់ព័ន្ធ ពង្រឹងប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ ឆ្លាតវៃ ធន់ ប្រកបបដោយបរិយាបន្ន

ចែករំលែក៖

ភ្នំពេញ​៖​ ប្រមុខរាជរដ្ឋាភិបាល បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់និងអនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីពង្រឹងប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ ឆ្លាតវៃ ធន់ បរិយាបន្ន ផ្តល់របបអាហារសុខភាពនិងអាហារូបត្ថម្ភ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ( ៦ វិច្ឆិកា ២០២៦ ) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ត្រូវបន្តពង្រឹងតួនាទីដឹកនាំ សម្របសម្រួល ក្នុងការធ្វើបរិវត្តកម្មប្រព័ន្ធស្បៀង ជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ លើកទី៣ និងផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា លើកទី២ រួមទាំង បង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការបាត់បង់ និងការខ្ជះខ្ជាយអាហារ ព្រមទាំងលើកកម្ពស់ការផ្លាស់ប្តូរឥរិយាបថសង្គម ពង្រឹងភាពជាដៃគូ និងកៀរគរធនធាន ដើម្បីពន្លឿនការលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្រសួងកសិកម្ម ត្រូវបន្តពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្ម ប្រកបដោយចីរភាព ដើម្បីធានាបាននូវសន្តិសុខស្បៀងនិងអាហារូបត្ថម្ភគ្រប់គ្រាន់ តាមរយៈការលើកកម្ពស់ ផលិតភាព និងពិពិធភាវូបនីយកម្មដំណាំ សត្វ និងជលផល ការលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ការពង្រឹងការងារស្រាវជ្រាវ នវានុវត្តន៍ និងការផ្សព្វផ្សាយបច្ចេកវិទ្យា ការបង្កើនសមត្ថភាពមន្ត្រីកសិកម្ម ឃុំ ការបង្កើតសហគមន៍កសិកម្មទំនើប ការដាក់ចេញ និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ និងកម្មវិធីលើកកម្ពស់វិស័យកសិកម្មនានា។

...

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ក្រសួងសុខាភិបាល ត្រូវបន្តពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាព ជាសកល កែលម្អគុណភាពសេវាសុខាភិបាល ពង្រឹងសមត្ថភាពក្នុងការផ្តល់សេវាសុខភាពបឋម និងលើកកម្ពស់ សុខភាពមាតា ទារក និងកុមារ តាមរយៈការអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលម្អអាហារូបត្ថម្ភ និងសេវាថែទាំសុខភាពបឋមនៅតាមមណ្ឌលសុខភាព ពង្រឹងការបង្ការនិងគ្រប់គ្រងជំងឺមិនឆ្លង ការតាមដាន ការលូតលាស់របស់ទារកនិងកុមារចាប់ពីពេលមានគភ៌រហូតដល់កុមារអាយុ២៤ខែ ការផ្តល់មីក្រូសារជាតិបន្ថែម និងលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេល៦ខែ ការបន្តផ្តល់អាហារបន្ថែម គ្រប់គ្រាន់ និងចម្រុះមុខអាហារដល់កុមារអាយុពី៦ខែ ដល់២៤ខែ សំដៅកាត់បន្ថយអត្រាក្រិសក្រិនកុមារអាយុ ក្រោម៥ឆ្នាំឱ្យនៅក្រោម១៩ភាគរយ និងអត្រាស្គមស្គាំងឱ្យនៅក្រោម៦ភាគរយ ត្រឹមឆ្នាំ២០៣០៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print