ភ្នំពេញ ៖ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦, លោក ចាន់ សុភាព អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលកិច្ចការគយអាស៊ាន -Coordinating Committee on Customs (CCC) លើកទី៤៥ នៅទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ក្នុងអាណត្តិរដ្ឋបាលគយកម្ពុជា ជាប្រធានអគ្គនាយកគយអាស៊ានចាប់ពីខែមិថុនា ឆ្នាំ២០២៦ ដល់ខែមិថុនា ឆ្នាំ២០២៧។ កិច្ចប្រជុំនេះ មានការចូលរួមពីគណៈប្រតិភូរដ្ឋបាលគយ នៃប្រទេសសមាជិកអាស៊ានទាំង ១១ (រដ្ឋបាលគយមីយ៉ាន់ម៉ាចូលរួមតាមប្រព័ន្ធវីដេអូ) និងតំណាងលេខាធិការដ្ឋានអាស៊ាន។ ក្នុងកិច្ចប្រជុំនោះ ក៏មានកិច្ចពិគ្រោះយោបល់ជាមួយរដ្ឋបាលគយដៃគូអាស៊ាន រួមមាន៖ រដ្ឋបាលគយអូស្ត្រាលី, រដ្ឋបាលគយចិន, រដ្ឋបាលគយជប៉ុន, និង រដ្ឋបាលគយកូរ៉េ ព្រមទាំងមានកិច្ចពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ABAC, ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប EU-ABC និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាម៉េរិក US-ABC ផងដែរ។
នាឱកាសនោះ លោកអគ្គនាយករង ចាន់សុភាព បានថ្លែងស្វាគមន៍គណៈប្រតិភូ នៃរដ្ឋបាលគយអាស៊ានទាំងអស់ដែលមានវត្តមានក្នុងកិច្ចប្រជុំ ក៏ដូចជាបានរំលឹកពីអនុសាសន៍គន្លឹះចំនួន ៥ ដែលបានដាក់ចេញដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ នៅទីក្រុងភ្នំពេញ រួមមាន៖ (១) កិច្ចជំរុញឌីជីថលនីយកម្មក្នុងអាស៊ាន, (២) ការបង្កើនកិច្ចសម្រួលពាណិជ្ជកម្មនិងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់, (៣) ការលើកកម្ពស់ការតភ្ជាប់ និងចរាចរទំនិញឆ្លងកាត់ព្រំដែនក្នុងតំបន់, (៤) កិច្ចពង្រឹងកិច្ចសហប្រតិបត្តិការគយលើការបង្ការនិងបង្ក្រាបបទល្មើស និង (៥) ការវិនិយោគជាអតិបរមាលើការអភិវឌ្ឍធនធានមនុស្ស និងសមត្ថភាពស្ថាប័ន។ ថ្លែងក្នុងពិធីបើក ឯកឧត្តម Dato’ Sri Haji Amran bin Haji Ahmad អគ្គនាយកនៃរដ្ឋបាលគយម៉ាឡេស៊ី បានបញ្ជាក់ថាការងាររបស់គណៈកម្មាធិការសម្របសម្រួលកិច្ចការគយអាស៊ាន គឺមានសារៈសំខាន់ក្នុងការគាំទ្រផ្ទាល់ដល់ការងារសមាហរណកម្មសេដ្ឋកិច្ចអាស៊ានដែលបានកំណត់ដោយថ្នាក់ដឹកនាំអាស៊ាន ជាពិសេសចំពោះការជំរុញស្វ័យប្រវត្តិកម្មលើប្រតិបត្តិការសម្រាប់ទំនិញឆ្លងកាត់ព្រំដែន, ការលុបបំបាត់របាំងមិនមែនពន្ធគយ, និងការឆ្លើយតបដល់ការសម្រួលរំហូរ និងដំណើរការ នៃខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមអគ្គនាយកក៏បានលើកទឹកចិត្តដល់អង្គប្រជុំឱ្យពិភាក្សាគ្នាប្រកបដោយស្មារតីយោគយល់ ត្រង់ទៅត្រង់ំមកលើបញ្ហាប្រឈមជាក់លាក់នានា សំដៅរកដំណោះស្រាយរួម ដើម្បីទទួលបានលទ្ធផលល្អប្រសើរ ដែលអាចយកទៅអនុវត្តបានសម្រាប់សមាជិកអាស៊ានទាំងអស់ក្នុងសហគមន៍តែមួយ។
អង្គប្រជុំបានកត់សម្គាល់នូវលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ កាលពីខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងភ្នំពេញ, កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៨ និងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានពាក់ព័ន្ធគយផ្សេងទៀត នាពេលកន្លងមក។ អង្គប្រជុំបានស្តាប់របាយការណ៍ ព្រមទាំងបានកត់សម្គាល់ពីវឌ្ឍនភាពការងារនៃការអនុវត្តសកម្មភាពក្រោមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយ ឆ្នាំ២០២៦-២០៣០ ចាប់ពីខែមិថុនា រហូតដល់ខែតុលា ឆ្នាំ២០២៦ របស់ក្រុមការងារ ចំនួន ៣ រួមមាន ៖ ក្រុមការងារនីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម, ក្រុមការងារពង្រឹងការអនុវត្តច្បាប់និងអនុលោមភាពគយ, និងក្រុមការងារកសាងសមត្ថភាពគយ ដែលស្ថិតក្រោមការដឹកនាំសម្របសម្រួលរបស់ CCC ។ អង្គប្រជុំបានអនុម័តលើលទ្ធផលដែលសម្រេចបានតាមដំណាក់កាលប្រចាំ
ឆ្នាំ ២០២៧ (Annual Milestone Deliverables-AMDs) ដែលពាក់ព័ន្ធនឹងកិច្ចការគយ ដើម្បីគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ាន(AEC Strategic Plan) ឆ្នាំ២០២៦-២០៣០ និងបានកត់សម្គាល់ពីលទ្ធផលដែលសម្រេចបានតាមដំណាក់កាលប្រចាំឆ្នាំ២០២៦។
កិច្ចប្រជុំ CCC នេះ ក៏បានពិគ្រោះយោបល់ដោយឡែកជាមួយរដ្ឋបាលគយអូស្រ្តាលី, រដ្ឋបាលគយចិន, រដ្ឋបាលគយជប៉ុន, និងរដ្ឋបាលគយកូរ៉េ ដើម្បីបន្តពង្រឹង ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារគយ ដូចជា៖ ការចែករំលែកឧត្តមានុវត្តន៍, ជំនួយបច្ចេកទេសសម្រាប់រដ្ឋបាលគយអាស៊ាន, ប្រតិបត្តិការគយរួមគ្នាដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀនខុសច្បាប់និងបទល្មើសឆ្លងដែន,និងការផ្លាស់ប្តូរព័ត៌មានសម្ងាត់ និងគំនិតផ្តួចផ្តើមថ្មីៗសម្រាប់គាំទ្រគ្នាទៅវិញទៅមករវាងរដ្ឋបាលគយអាស៊ាន និងរដ្ឋបាលគយដៃគូ ដើម្បីឆ្លើយតប នឹងបរិបទស្ថានភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សនាពេលចុងក្រោយនេះ។
ចំពោះកិច្ចពិគ្រោះយោបល់ជាមួយរដ្ឋបាលគយកូរ៉េ, លោកបណ្ឌិត សង់ ស៊ីណាវិទ្យ ប្រធាននាយកដ្ឋានសហប្រតិបត្តិការគយអន្តរជាតិ តំណាងរដ្ឋបាលគយកម្ពុជា បានធ្វើជាសហប្រធានជាមួយលោក Yunseok Choe តំណាងរដ្ឋបាលគយកូរ៉េ លើប្រធានបទ៖ ប្រតិបត្តិការគយរួមគ្នាក្នុងការបង្ក្រាបការរត់ពន្ធគ្រឿងញៀនឆ្លងកាត់ព្រំដែន, គម្រោងសាកល្បងផ្លាស់ប្តូរវិញ្ញាបនបត្រដើមកំណើតទំនិញអេឡិចត្រូនិក, ផែនការអនុវត្តលក្ខខណ្ឌយោងសម្រាប់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយអាស៊ាននិងរដ្ឋបាលគយកូរ៉េស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការបង្ក្រាបការជួញដូរគ្រឿងញៀនខុសច្បាប់ឱ្យបានទាន់ពេល ដែលបានអនុម័តនាកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ និងកម្មវិធីជំនួយបច្ចេកទេសនិងការកសាងសមត្ថភាពនានា។
ជាមួយគ្នានេះដែរ កិច្ចប្រជុំបានពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ABAC, ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប EU-ABC និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាម៉េរិក US-ABC ដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហការរវាងរដ្ឋបាលគយអាស៊ាននិងវិស័យឯកជន ស្តាប់អនុសាសន៍និងពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាមួយចំនួន ដែលវិស័យឯកជនបានលើកឡើង ក្នុងន័យលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់។
កិច្ចប្រជុំ CCC លើកទី៤៥ បានបញ្ចប់ប្រកបដោយជោគជ័យ តាមការគ្រោងទុកក្នុងបរិយាកាសស្និទ្ធស្នាល និងសហការខ្ពស់ពីគ្រប់រដ្ឋបាលគយប្រទេសសមាជិកអាស៊ាន និងរដ្ឋបាលគយប្រទេសដៃគូអាស៊ាន ព្រមទាំងតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន សហគមន៍អឺរ៉ុប និងសហរដ្ឋអាម៉េរិក។ កិច្ចប្រជុំ CCC លើកទី៤៦ នឹងប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០២៧ ខាងមុខ ដោយកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ និងដឹកនាំ ដើម្បីបន្តពិនិត្យ និងអនុម័តលើការងារតាមផែនការសម្មភាពក្រោមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយឆ្នាំ២០២៦-២០៣០ ក្នុងគោលបំណងត្រៀមរៀបចំកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៦ ៕
ដោយ ៖ សិលា














