រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី (MHTC) ដើម្បីជំរុញកិច្ចសហការផ្សព្វផ្សាយទេសចរណ៍សុខភាព

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី (Malaysia Healthcare Travel Council – MHTC) ដែល​ដឹកនាំសម្រប​សម្រួល​ដោយ ​លោក Shaharuddin Onn, ឯក​អគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា អម​ដោយ​លោក​ Dato’ Suriaghandi Suppiah នាយកប្រតិបត្តិ​នៃក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី និង​សហការី ដើម្បី​ជួបពិភាក្សាស្វែង​រក​​កិច្ចសហការរវាង​ក្រសួង​ព័ត៌មាន​ និង​ MHTC ក្នុង​ការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាអំពីទេសចរណ៍សុខភាពទៅ​កាន់​ប្រទេសម៉ាឡេស៊ី។

ជំនួប​នេះ មានគោលបំណងពង្រីកលទ្ធភាពក្នុង​ការ​ផ្សព្វ​ផ្សាយ និង​ចែក​រំលែក​ព័ត៌មានត្រឹមត្រូវ និងច្បាស់​លាស់​អំពីសេវាថែទាំសុខភាពនៅប្រទេសម៉ាឡេស៊ី ជូនប្រជាពលរដ្ឋកម្ពុជា ព្រមទាំងជំរុញការផ្លាស់ប្តូរ​ព័ត៌មាន បទពិសោធ និងទំនាក់ទំនងរវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ តាមរយៈតួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុង​ការ​លើក​កម្ពស់​សេវា​​ទេសចរណ៍​សុខ​ភាព​រវាង​កម្ពុជា និង​ម៉ាឡេស៊ី។

ជំនួបនេះក៏ជាការបង្ហាញពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និង MHTC ក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាស្ពានផ្សារ​ភ្ជាប់ព័ត៌មាន និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីវិស័យ​សុខាភិបាល និងទេសចរណ៍សុខភាពផងដែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print