វិមាន៧មករា៖ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាប្រធានគណៈអធិបតីក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សតាមគ្រិះស្ថានសិក្សា» ដោយមានការចូលរួមពីសំណាក់ លោក អនុប្រធានគណៈប្រចាំការ លោកសមាជិកគណៈប្រចាំការ ឯកឧត្តមប្រធានប្រធានផ្នែក លោកតំណាងផ្នែករបស់យុវជនគណបក្សថ្នាក់កណ្តាល និងតំណាងប្រធានគណៈកម្មាធិការគណបក្សតាមគ្រឹះស្ថានសិក្សា ព្រមទាំងសមាជិកយុវជនគណបក្សនៅតាមគ្រិះស្ថានសិក្សា សរុបប្រមាណ ៣៥៤១ រូប។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ហេង ណន ប្រធានផ្នែកគ្រិះស្ថានសិក្សានៃយុវជនគណបក្សថ្នាក់កណ្តាល លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានឡើងថ្លែងនូវមតិបើកវេទិកាពិភាក្សាជូនអង្គប្រជុំ ដោយក្នុងនោះ លោកបណ្ឌិតប្រធាន បានរំលេចពីសារៈសំខាន់នូវតួនាទីរបស់យុវជនក្នុងដំណាក់កាលនៃការអភិវឌ្ឍនប្រទេស ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ សម្តេចធិបតី បាននឹងកំពុងបន្តការយកចិត្តទុកដាក់អភិវឌ្ឍន៍ធនធានមនុស្ស និងឈានដល់ការកសាងបាននូវមូលធនមនុស្ស ដែលបានចែងក្នុងគោលនយោបាយគណបក្សនាអាណត្តិទី៧របស់សម្តេចធិបតីនាពេលបច្ចុប្បន្ននេះ។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រធានក៏បានគូសបញ្ជាក់ប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីថា ការអប់រំមានតែ៣ ទេគឺ «ការអប់រំនៅសាលា ការអប់រំនៅផ្ទះ និងការអប់រំនៅក្នុងសង្គម»
អង្គវេទិកាបានប្រព្រឹត្តទៅប្រកបដោយស្មារតីសាមគ្គីភាពនិងការបកស្រាយយ៉ាងក្បោះក្បាយ មានជាអាទិ៍ ដំណោះស្រាយជម្លោះព្រំដែន, ស្តេមអនឡាញ, មុខជំនាញសម្រាប់យុវជន, ច្បាប់កាតព្វកិច្ចយោធាសម្រាប់និស្សិតកំពុងការសិក្សា, ការជ្រើសរើសមន្រ្តីដែលមានសមត្ថភាពបំរើការងាររាជការ, ករណីក្មេងស្ទាវ, និងអត្តសញ្ញាណកម្ម។
មុននឹងបញ្ចប់ លោកបណ្ឌិតប្រធាន ក៏បានផ្តល់ជំនួយស្មារតីក្នុងការតំម្រង់ទិសដល់អង្គពិធី ក្នុងនោះគឺការបណ្តុះនូវស្មារតីស្រលាញ់ជាតិ និងការពង្រឹងនូវសាមគ្គីជាតិជាថ្លុងមួយ ក្នុងបុព្វហេតុចូលរួមការពារជាតិ និងទំនុកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនាពេលបច្ចុប្បន្នេះ តាមរយៈការបន្តបោះឆ្នោតជូនគណបក្សដើម្បីបន្តដឹកនាំប្រទេសនិងប្រជាជននៅគ្រប់អាណត្តិនាពេលខាងមុខនេះ៕
ដោយ ៖ សិលា










