ភ្នំពេញ៖ ស្ត្រីជាប្រពន្ធបានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯបុរសជាប្ដីរងរបួសធ្ងន់ ក្រោយពេលជិះម៉ូតូឌុបគ្នាចេញពីធ្វើការឆ្លងផ្លូវត្រូវរថយន្តម៉ាក toyota prius បើកមកលឿនបុកចំពីក្រោយចំហៀងខាងឆ្វេងបណ្តាលឲ្យដួលខ្ទាតស្រ្តីជាប្រពន្ធចូលក្រោមកង់រថយន្តធុនធំដែលធ្វើដំណើរពីត្បូងទៅជើងកិនពីលើបន្ថែម កាលពីវេលាម៉ោង ១១:៥០នាទីយប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ (ផ្សារទំនើបអ៉ីអន៣) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញប្តីប្រពន្ធ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមពាក់ផ្លាកលេខ ភ្នំពេញ 1FG-3492 ជិះ ឌុបគ្នាចេញពីធ្វើការតាមបណ្ដោយផ្លូវបេតុងរួចឆ្លងភ្លើងស្តុប៦០ម៉ែត្រក្នុងទិសដៅពីលិចទៅកើត ខណៈពេលឆ្លងដល់ពាក់កណ្ដាលផ្លូវស្រាប់តែគេឃើញមានរថយន្តម៉ាក toyota prius ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BA-6050 បើកដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ 60 ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿនទាំងស្ថានភាពស្រវឹងក៏ជ្រុលទៅបុកម៉ូតូចំពីក្រោយចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យដួលម៉ូតូចូលក្រោមរថយន្តធុនធំមួយគ្រឿងទៀតដែលពាក់ផ្លាកលេខព្រះសីហនុ 3A-8043 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងរួចកិនពីលើស្ត្រីជាប្រពន្ធបណ្ដាលឲ្យស្លាប់យ៉ាងរន្ធត់ ហើយម្ចាស់រថយន្ត toyota prius ព្យាយាមបើករត់គេចខ្លួនតែត្រូវបានសមត្ថកិច្ចឃាត់បានទាំងអ្នកបើកនិងរថយន្ត។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿងនិងម៉ូតូមួយគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាល រាជធានីភ្នំពេញជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេត្តប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ










