ក្រុម Real Madrid បានឡើងមកមានពិន្ទុស្មើក្រុមកំពូលតារាង Barcelona ក្នុងក្របខ័ណ្ឌ La Liga បន្ទាប់ពីទទួលបានជ័យជម្នះយ៉ាងងាយស្រួលលើក្រុម Valencia ដែលកំពុងជួបការលំបាក។
ប្រធានក្រុម Federico Valverde ជាអ្នកបើកការនាំមុខឱ្យ Real Madrid នៅនាទីទី២៨ ដោយស៊ុតបាល់បញ្ចូលទីយ៉ាងល្អពីចម្ងាយប្រហែល ២០ យ៉ាត បន្ទាប់ពីបាល់ហ្វ្រីឃីករបស់ Kylian Mbappe ត្រូវបានខ្សែការពារគូប្រកួតរារាំងត្រឡប់មកវិញ។
៨ នាទីបន្ទាប់ ក្រុមភ្ញៀវបានបន្ថែមគ្រាប់ទី២ ខណៈ Arda Guler បានស៊ុតបាល់បកចូលទីពីចម្ងាយប្រហែល ៦ យ៉ាត បន្ទាប់ពីការបញ្ជូនបាល់ត្រឡប់ក្រោយរបស់ Jude Bellingham ត្រូវបានខ្សែការពារ Valencia ប៉ះបង្វែរទិសចូលមកកាន់ផ្លូវរបស់គេ។
នៅក្នុងវគ្គទី២ Real Madrid នៅតែគ្រប់គ្រងការប្រកួតបានយ៉ាងល្អ ហើយបានបន្ថែមគ្រាប់ទី៣ នៅសល់ ១៥ នាទីមុនចប់ការប្រកួត។ Arda Guler ជាអ្នកបញ្ជូនបាល់ឱ្យ Kylian Mbappe ដែលបានអូសបាល់រំលងអ្នកចាំទី មុនស៊ុតបញ្ចូលទីជាគ្រាប់ទី១៣ របស់ខ្លួនក្នុងរដូវកាលនេះ។
ស្ថានការណ៍កាន់តែអាក្រក់សម្រាប់ Valencia នៅពេលប្រធានក្រុម Jose Gaya ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហម បន្ទាប់ពីបង្កកំហុសធ្ងន់លើ Kylian Mbappe ខណៈខ្សែប្រយុទ្ធរូបនេះកំពុងមានឱកាសរត់ទៅរកគ្រាប់បាល់។
ជ័យជម្នះនេះជាការឈ្នះ ៤ ប្រកួតជាប់គ្នាក្នុងលីគរបស់ Real Madrid។ បច្ចុប្បន្ន មានតែគ្រាប់ចំណេញប៉ុណ្ណោះដែលធ្វើឱ្យក្រុមមិនទាន់អាចឡើងទៅឈរកំពូលតារាងបាន។ ទោះជាយ៉ាងណា Barcelona អាចដាក់គម្លាត ៣ ពិន្ទុវិញ ប្រសិនបើពួកគេយកឈ្នះក្រុមលេខ៣ Atletico Madrid ក្នុងការប្រកួតថ្ងៃអាទិត្យ វេលាម៉ោង ២០:០០ GMT។
ចំណែក Valencia នៅតែឈរលេខរៀងទី១៩ មាន ១ ពិន្ទុប៉ុណ្ណោះពីតំបន់សុវត្ថិភាព បន្ទាប់ពីរងបរាជ័យជាលើកទី៧ ក្នុងការប្រកួតលីគ ១២ លើក។
គួរបញ្ជាក់ផងដែរថា ការប្រកួតត្រូវបានផ្អាករយៈពេលមួយនាទីនៅនាទីទី៩ នៃវគ្គទី១ ដើម្បីឱ្យកីឡាករ និងអ្នកគាំទ្រចូលរួមគោរពវិញ្ញាណក្ខន្ធខ្សែប្រយុទ្ធក្លិប Tenerife កីឡាករ Jesus de Miguel ដែលបានទទួលមរណភាព បន្ទាប់ពីរងរបួសធ្ងន់ធ្ងរក្នុងការប្រកួតលីគលំដាប់ទី២ របស់អេស្ប៉ាញ។ ការគោរពវិញ្ញាណក្ខន្ធត្រូវបានធ្វើឡើងតាមរយៈការទះដៃអបអររយៈពេលមួយនាទី៕










