ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលស្រុកព្រៃនប់បានឲ្យ ដឹងនៅថ្ងៃទី 8 ខែវិច្ឆិកានេះថា នៅថ្ងៃទី៦ខែ វិច្ឆិកា ឆ្នាំ ២០២៦ នៅចំណុចក្រោយផ្សារវាលរេញ ស្ថិតនៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីអំពើលួច ម៉ូតូ ០១បានកើតឡើង ដែលបង្កដោយជនសង្ស័យ០១នាក់ពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូ ម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១២ បិតតែមឆ្នាំ២០១៩ ពណ៍ខ្មៅពាក់ស្លាកលេខ ព្រះសីហនុ 1C .8653 របស់ជនរងគ្រោះឈ្មោះ ទេន កូវ ភេទស្រីអាយុ៤៤ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ វាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណៈពេលជនរងគ្រោះបានទុកម៉ូតូនៅខាងក្រោយផ្សារវាលរេញ រួចដើរទៅរកទិញអីវ៉ាន់នៅក្នុងផ្សារ។
បន្ទាប់ពីធ្វើសកម្មភាពរួចសង្ស័យបានយកម៉ូតូជិះរត់គេចខ្លួនបាត់ឆ្ពោះទៅទិសដៅភ្នំពេញ។
ក្រោយពីបានទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល វាលរេញ និងសហការជាមួយកម្លាំងអធិការនគរបាលស្រុកកំពង់សីលា។ រហូតលុះដល់វេលាម៉ោងប្រហែល ១៤ៈ៣០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល កម្លាំងជំនាញយើងធ្វើការឃាត់ខ្លួនជនសង្ស័យបានចំណុចផ្លូវបំបែកស្រែអំបិល ស្ថិតនៅភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ជនសង្ស័យ ឈ្មោះ មុត ញ៉ាញ់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
បន្ទាប់ពីការសាកសួរជនសង្ស័យបាន សារភាពថា ខ្លួនពិតជាបានចូលទៅលួចយកម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន។
+វត្តុតាងចាប់យករួមមាន៖
-ម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១២ បិតតែម ឆ្នាំ២០១៩ ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1C. 8653(ជារបស់ជនរងគ្រោះ)។
-ទូរស័ព្ទចំនួន ១ គ្រឿង ១.ម៉ាកTECNO ពណ៍ ស (របស់ជនសង្ស័យ)។
ជនសង្ស័យរួមទាំងវត្តុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីសាកសួរនិងកសាងសំណុំរឿង ទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សុរិយា










