នាយកប្រតិបត្តិ Nvidia លោក Jensen Huang ខាតបង់ទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក ក្រោយទទួលស្គាល់រឿងស្នេហាក្រៅអាពាហ៍ពិពាហ៍

ចែករំលែក៖

លោក Jensen Huang ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនផលិតបន្ទះឈីបយក្ស Nvidia បានក្លាយជាមហាសេដ្ឋីដែលខាតបង់ទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក កាលពីថ្ងៃចន្ទ បន្ទាប់ពីចេញលិខិតសុំទោសជាសាធារណៈចំពោះការមានទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍។

 

យោងតាមទិន្នន័យទ្រព្យសម្បត្តិជាក់ស្តែងរបស់ទស្សនាវដ្តី Forbes លោក Huang បានខាតបង់ទ្រព្យសម្បត្តិប្រមាណ ៦,៨ ពាន់លានដុល្លារអាមេរិក។ ទ្រព្យសម្បត្តិសរុបរបស់លោកបានធ្លាក់ចុះជាង ៤% មកនៅត្រឹម ១៥៥,៤ ពាន់លានដុល្លារ ខណៈចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោកបានធ្លាក់ពីលេខ ៨ មកលេខ ១០។

 

ភាគហ៊ុន Nvidia ក៏បានធ្លាក់ចុះ ៤,២៧% ផងដែរ បន្ទាប់ពីទីផ្សារប្រតិកម្មអវិជ្ជមានចំពោះអ៊ីមែលដែលលោក Huang ផ្ញើទៅកាន់បុគ្គលិក។ ក្នុងសារនោះ លោកបានទទួលស្គាល់ថា ខ្លួនមិនស្មោះត្រង់ចំពោះភរិយា និងបានទទួលខុសត្រូវទាំងស្រុងចំពោះទង្វើរបស់ខ្លួន។

 

កាសែត The New York Times បានរាយការណ៍ថា របាយការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកមួយកាលពីប៉ុន្មានខែមុន បានព្រមានថា ស្ត្រីដែលត្រូវបានគេចោទថាជាស្រីកំណាន់របស់លោក Huang ឈ្មោះ Alice Huang (មិនមានទំនាក់ទំនងជាសាច់ញាតិជាមួយលោកទេ) អាចជាចារកម្មរបស់ប្រទេសចិន។

 

តាមសេចក្តីរាយការណ៍ Alice ធ្លាប់ធ្វើការជាអ្នកយកព័ត៌មានទូរទស្សន៍នៅប្រទេសចិន មុនពេលក្លាយជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុន Megaspeed ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងជាក្រុមហ៊ុនផ្តល់សេវាមជ្ឈមណ្ឌលទិន្នន័យមួយក្នុងចំណោមអតិថិជនធំៗរបស់ Nvidia នៅអាស៊ីអាគ្នេយ៍។

 

លិខិតរបស់លោក Huang បានជំរុញឱ្យក្រុមប្រឹក្សាភិបាល Nvidia បើកការស៊ើបអង្កេត ដើម្បីពិនិត្យថា តើលោកធ្លាប់ក្លាយជាគោលដៅនៃប្រតិបត្តិការស៊ើបការណ៍សម្ងាត់ពីបរទេសដែរឬទេ។

 

បច្ចុប្បន្ន Nvidia នៅតែជាក្រុមហ៊ុនមានតម្លៃទីផ្សារខ្ពស់បំផុតលំដាប់ទី២ លើពិភពលោក បន្ទាប់ពី Apple។ ទោះជាយ៉ាងណា តម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនបានធ្លាក់ចុះ ៧% ចាប់តាំងពីដើមឆ្នាំនេះ មកនៅប្រមាណ ៤,៣ ទ្រីលានដុល្លារ។

 

លោក Huang បានរៀបការជាមួយលោកស្រី Lori Mills នៅឆ្នាំ១៩៨៥ ហើយអ្នកទាំងពីរមានកូនពីរនាក់ គឺ Spencer និង Madison។

 

ការខាតបង់ទ្រព្យសម្បត្តិរបស់លោក Huang កាលពីថ្ងៃចន្ទ មានទំហំធំជាងមហាសេដ្ឋីលំដាប់បន្ទាប់រហូតដល់ ៤ ដង។ លោក Bernard Arnault ប្រធានក្រុមហ៊ុនប្រណីត LVMH បានខាតបង់ ១,៧ ពាន់លានដុល្លារ ដោយបច្ចុប្បន្នមានទ្រព្យសម្បត្តិសរុប ១២១,៦ ពាន់លានដុល្លារ និងឈរនៅចំណាត់ថ្នាក់លេខ ១៧ លើពិភពលោក។

 

មហាសេដ្ឋីដែលខាតបង់ទ្រព្យសម្បត្តិច្រើនបំផុត ៥ រូបទៀត រួមមាន វេជ្ជបណ្ឌិតអាមេរិក Patrick Soon-Shiong មហាសេដ្ឋីពាណិជ្ជកម្មអេឡិចត្រូនិកចិន Colin Huang និងមហាសេដ្ឋីផលិតអាគុយចិន Robin Zeng ដោយម្នាក់ៗខាតបង់តិចជាង ១ ពាន់លានដុល្លារ។

...

 

ផ្ទុយទៅវិញ លោក Elon Musk ដែលជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភពលោក បានក្លាយជាអ្នកបង្កើនទ្រព្យសម្បត្តិច្រើនបំផុតប្រចាំថ្ងៃ ដោយទ្រព្យសម្បត្តិរបស់លោកកើនឡើង ៤៧,៨ ពាន់លានដុល្លារ ឈានដល់ ៨៩៧,៥ ពាន់លានដុល្លារ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print