ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ត្រីជំនាញសាធារណការពន្លឿនជួសជុលហេដ្ឋារចនាសម្ព័ន្ធនានាលើមហាវិថី៦០ម៉ែត្រ ដើម្បីទទួលដំណើរប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
លោក ឃួង ស្រេង បានណែនាំបែបនេះខណៈលោកដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌពាក់ព័ន្ធ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះចុះពិនិត្យមើលវឌ្ឍនភាពការងារជួសជុលថែទាំ និងតុបតែងភ្លើងបំភ្លឺនៅមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)ចាប់ពីស្ពានអាកាសមរតកតេជោរហូតដល់ស្ពានអាកាសសម្តេចមហាបវរធិបតី និងបន្តពិនិត្យមើលការងារមួយចំនួនទៀតនៅតាមមហាវិថីនិងផ្លូវនានាជាច្រើនក្នុងរាជធានី ពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំថែរក្សាអនាម័យ និងបរិស្ថាន ដើម្បីឱ្យបានរួចរាល់នៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោក ឃួង ស្រេង បានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ពន្លឿននៃការជួសជុលហេដ្ឋារចនាសម្ព័ន្ធនានាដែលនៅសេសសល់នៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលមានទាំងប្រព័ន្ធលូ ការជួលជុល អ៊ុតកៅស៊ូដែលនៅសេសសល់ ការតុបតែងភ្លើងបំភ្លឺសាធារណៈ គំនូសចរាចរណ៍ ការរៀបចំចិញ្ចើមផ្លូវសងខាងជាដើម។ លោក ឃួង ស្រេង ក៏បានណែនាំឱ្យរៀបចំសណ្តាប់ធ្នាប់ រៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនានា និងការរៀបចំឱ្យមានការពង្វាងចរាចរណ៍នៅលើតម្រាយផ្លូវមួយចំនួនផ្សេងទៀត ដែលត្រូវប្រតិភូឆ្លងកាត់ផងដែរ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃដដែលនេះថា៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានការណែនាំពីគណៈកម្មការថ្នាក់ជាតិនោះ គឺការងារសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំថែរក្សាអនាម័យ និងបរិស្ថានគឺរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចរាល់ហើយ។
ទី២-ត្រូវធានាឱ្យកិច្ចប្រជុំកំពូលអាចដំណើរការទៅបានដោយរលូនតាមការគ្រោងទុក និងជោគជ័យ ពិសេសគឺដើម្បីមោទនភាពជាតិ។ទី៣-រដ្ឋបាលរាជធានីភ្នំពេញយកចិត្តទុកដាក់ខ្ពស់បំផុត ជាមួយនឹងគណៈកម្មការសន្តិសុខថា្នក់ជាតិ ដោយមិនអាចធ្វេសប្រហែសបានឡើយ។ ទី៤-ការងារលាបបេតុងទ្រូងផ្លូវ (ព្រះមុនីវង្ស សហព័ន្ធរុស្សី ព្រះនរោត្តម ផ្លូវ៦០ម៉ែត្រ) ខ.ការងារអ៊ុតគំនូសចរាចរណ៍ រួមមាន៖ (មហាវិថីសហព័ន្ធរុស្សី វិថីប៊ុលហ្គារី ជុំវិញរង្វង់មូលបាយ័នរង្វង់មូលកួចកាណុង វិថីស៊ូស្រុន វិថីសុធារស មហាវិថីព្រះមុនីវង្ស ស្ពានជ្រោយចង្វាទាំង២ខ្សែ ស្ពានព្រះមុនីវង្ស។ គ.ការងារថែទាំជួសជុលមហាវិថីសម្តេចហ៊ុនសែន ឬផ្លូវ៦០ម៉ែត្រ រួមមាន៖ (ការអ៊ុតកៅស៊ូ និងការអ៊ុតពង្រីកតួផ្លូវ ការងារគំនូសចរាចរណ៍ ការលាបថ្នាំទ្រូងផ្លូវ ដំឡើងផ្លាកសញ្ញាចរាចរណ៍ថ្មី) ។ ឃ. ការងារកាត់ស្មៅ មែកឈើ និងការថែទាំសួនច្បារ រួមមាន៖ (ជួសជុល និងតុបតែងផ្កានៅសួនកួចកាណុង និងសួនមុខវិមានសន្តិភាព)។ ការងារជួសជុល ថែទាំបន្ទប់ទឹក និងដំឡើងបន្ថែមបន្ទប់ទឹកសម្រាប់បម្រើឱ្យព្រឹត្តការណ៍អមនៅសួនច្បារមុខវត្តបទុមវតី និងសួនច្បារសំខាន់ៗ។ ការងារលាបកំបោរខឿន និងគល់ឈើ និងចិញ្ចើមផ្លូវ រួមមាន៖ សួនច្បារវិមានឯករាជ្យ សួនច្បារវត្តបទុមវតី សួនព្រហ្មបាយ័ន សួនកួចកាណុង សួនមុខគណៈរដ្ឋមន្រ្តី និងស្ពានជ្រោយចង្វា ។ ការងារតុបតែងលម្អភ្លើងនៅតាមសួនច្បារនានា ព្រមទាំងការដំឡើងបង្គោលដងទង់ជាតិបន្ថែម ឱ្យគ្រប់តាមចំនួនប្រតិភូប្រទេសដែលត្រូវអញ្ជើញចូលរួមនៅលើផ្លូវ៦០ម៉ែត្រ និងមាត់ទន្លេ។
រដ្ឋបាល រាជធានីភ្នំពេញ ក៏ស្នើសុំការយោគយល់ អធ្យាស្រ័យផងដែរ ក្នុងករណីមានការរំខាន ឬប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនដែលអាចកើតឡើងដោយការកកស្ទះចរាចរណ៍នៅជុំវិញទីតាំងប្រារព្ធពិធីនៃព្រឹត្តិការណ៍ប្រជុំកំពូល និងកម្មវិធីអមនានា។ សូម មេត្តាផ្តល់អាទិភាពជូនក្បូនគណៈប្រតិភូ ជាន់ខ្ពស់ដែលត្រូវអញ្ជើញមកបំពេញ បេសកកម្មនៅ រាជធានីភ្នំពេញអាចធ្វើ ដំណើរដោយរលូន និងដេីម្បីជាការ លើកកិត្តិយស និងមុខមាត់របស់ ប្រទេសជាតិយើងទាំងអស់គ្នា ។
លោកស្រី បាន បន្តថា៖ វប្បធម៌នៃការចូលរួមសហការដ៏ល្អផូរផង់នេះ បានធ្វើឱ្យរាជធានីភ្នំពេញទទួលបាននូវការកោតសរសើរ និងមានមោទនភាពយ៉ាងក្រៃលែងនាពេលកន្លងមកផងដែរ ៕















