ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានអនុញ្ញាតឱ្យ លោកISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន (Japan) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។
សូមជម្រាបជូនថា ទំនាក់ទំនងកម្ពុជា និងជប៉ុនមានរយៈពេល ៧៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ១៩៥៣ ហើយបានវិវត្តន៍ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១៣។
ជប៉ុនបានដើរតួនាទីសំខាន់ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា និងគាំទ្រយុទ្ធសាស្ត្រ FOIP របស់ជប៉ុន។ ចំពោះទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ២,៦ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥ និងទុនវិនិយោគសរុប ២,៩ពាន់លានដុល្លារអាមេរិក។
កន្លងទៅជប៉ុនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាប្រមាណ ១៧,០០០នាក់ និងទទួលយកពលករខ្មែរជិត ៧ម៉ឺននាក់។ ជប៉ុនក៏បានផ្តល់ជំនួយវ៉ាក់សាំង និងហិរញ្ញវត្ថុក្នុងអំឡុងពេលកូវីដ-១៩ ផងដែរ។
ដោយឡែកចំពោះការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងតែផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់ ដើម្បីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ។
គួរបញ្ជាក់ថា ទំនាក់ទំនងនេះគ្របដណ្តប់លើវិស័យជាច្រើនដូចជា សន្តិភាព ការអភិវឌ្ឍ ការដោះមីន ទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕
ដោយ៖តារា










