ខេត្តកណ្ដាល ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញបារីក្លែងបន្លំម៉ាក និងសម្ភារពាក់ព័ន្ធដែលសមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបនាពេលកន្លងទៅ។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ បានឲ្យដឹងថា ផលិតផលក្លែងម៉ាក និងសម្ភារៈពាក់ព័ន្ធដែលត្រូវដុតបំផ្លាញនេះ នៅសេសសល់ និងបង្ក្រាបនៅត្រីមាសទី៣ ឆ្នាំ២០២៦ សរុបចំនួនប្រមាណ៧៥០តោន។
ផលិតផលទាំងនេះមានដូចខាងក្រោម៖
១៖ ប្រេងម៉ាស៊ីនម៉ាក Total ប្រមាណ ២តោន បង្ក្រាបថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤
២៖ ប្រេងម៉ាស៊ីនម៉ាក Nova 2T ប្រមាណ ១.៥តោន បង្ក្រាបថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤
៣៖ អំបោះដេររបួសម៉ាក ETHILON ប្រមាណ ០.៤៨តោនបង្ក្រាបថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៤
៤៖ បារីក្លែងម៉ាក និងសំបកវេចខ្ចប់ប្រមាណ ៥៨តោន បង្ក្រាបថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤
៥៖ គ្រឿងអេឡិចត្រូនិចម៉ាក Apple ប្រមាណ០.៦៥តោន បង្ក្រាបថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥
៦៖ សម្លៀកបំពាក់ម៉ាកBoss ប្រមាណ០.៦៥តោន បង្ក្រាបថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥
៧៖ បន្ទះបិតបញ្ចុះកម្ដៅម៉ាក Cool-Kid ប្រមាណ ១.៦តោន បង្ក្រាបថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥
៨៖ ថ្នាំដុសធ្មេញម៉ាក Sogate និង Crogate ប្រមាណ ១៦ តោន បង្ក្រាបថ្ងៃទី២២ ខែមករាឆ្នាំ២០២៦
៩៖ បារីក្លែងម៉ាក និងសំបកវេចខ្ចប់ ប្រមាណ ៤៥៥តោន បង្ក្រាបថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦
១០៖ បារីក្លែងម៉ាក និងសំបកវេចខ្ចប់ ប្រមាណ ២១២តោន បង្ក្រាបថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦៕
ដោយ ៖ សិលា













