ភ្នំពេញ ៖ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់និងការងារទាក់ទងនឹងវត្ថុតាងបទល្មើសគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំ «ផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ការងារទាក់ទងនឹងវត្ថុតាងនៃបទល្មើសគ្រឿងញៀន និងទម្រង់របាយការណ៍គ្រប់គ្រងទិន្នន័យសំណុំរឿង និងវត្ថុតាងនៃបទល្មើសគ្រឿងញៀន» ជាមួយថ្នាក់ដឹកនាំសាលាដំបូង និងថ្នាក់ដឹកនាំអយ្យការអមសាលាដំបូង ព្រមទាំងលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូងរាជធានី ខេត្ត នៅទីស្តីការក្រសួងយុត្តិធម៌។
ក្នុងកិច្ចប្រជុំនោះ លោក ឯម ច័ន្ទមករា បានមានប្រសាសន៍ថា ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២៦ នេះ អង្គតុលាការ គ្រប់ជាន់ថ្នាក់បានខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំគួរជាទីកោតសរសើរ ដោយបានចាត់ការសំណុំរឿងគ្រឿងញៀន នៅដំណាក់កាលអយ្យការ រហូតដល់ ៦,៨៣៤ សំណុំរឿង ពាក់ព័ន្ធជនល្មើសប្រមាណ ១៤,៥៤៥ នាក់, នៅដំណាក់កាលស៊ើបសួរ ចាត់ការបាន ៦,៨១០ សំណុំរឿង និងដំណាក់កាលជំនុំជម្រះ បាន ៦,១៩០ សំណុំរឿង និងបានជំនុំជម្រះរួចចំនួន ៤,៥៨០ សំណុំរឿង។
ក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការ ក្នុងនាមក្រុមការងារបានដាក់ចេញនូវការតម្រង់ទិសសម្រាប់អនុវត្តការងារ ៥ ចំណុចរួមមាន៖ ទី១-ជំរុញឱ្យគ្រប់សាលាដំបូង និងស្ថាប័នអយ្យការអមសាលាដំបូង អនុវត្តឱ្យបានម៉ឺងម៉ាត់នូវទម្រង់របាយការណ៍គ្រប់គ្រងទិន្នន័យសំណុំរឿង និងវត្ថុតាង, ទី២-លើកទឹកចិត្តឱ្យពិនិត្យលទ្ធភាពអនុវត្តច្បាប់ស្តីពីការចាត់ចែងជាបណ្តោះ អាសន្ននូវវត្ថុចាប់យក ឆ្នាំ២០២៥ ចំពោះវត្ថុតាងដែលប្រឈមការខូចខាត, ទី៣-ជំរុញនីតិវិធីស្នើសុំដុតបំផ្លាញគ្រឿងញៀន, ទី៤-ពន្លឿនការចេញសាលក្រមស្ថាពរ និងបញ្ជូនមកគណៈកម្មការអន្តរក្រសួង និងទី៥-លើកកម្ពស់ភាពជាដៃគូ និងការគាំទ្រគ្នារវាងក្រុមការងារក្រសួងយុត្តិធម៌ ជាមួយអង្គតុលាការទូទាំងប្រទេសដើម្បីប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការងារទាក់ទងនឹងវត្ថុតាងបទល្មើសគ្រឿងញៀន៕
ដោយ ៖ សិលា










