ខេត្តកណ្ដាល÷មន្ត្រីនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងនៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៦នេះអំពីករណីលួចទូរស័ព្ទដៃដែលបានកើតឡើង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោង០១:២០នាទីអាធ្រាត នៅក្នុងភូមិ ស្តៅកន្លែង៤ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះតេង សុខា ហៅផុង ភេទប្រុស អាយុ ៥៦ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្នាក់នៅបណ្តោះអាសន្ន ភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ សាំង រ៉ាឃីម ហៅ ហ៊ីង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្តកណ្ដាល -ធ្លាប់ប្រើប្រាស់សារធាតុញៀនរយ:ពេល ៥ឆ្នាំ
-តេស្តទឹកនោមរកសារធាតុញៀន វិជ្ជមាន(+)
*សម្ភារ:បាត់បង់គឺទូរស័ព្ទ០១គ្រឿង ម៉ាក OPPO ពណ៌ ខៀវ,*វត្ថុតាងចាប់យកគឺទូរស័ព្ទ០១គ្រឿង ម៉ាក OPPO ពណ៌ខៀវ។
នៅមុនពេលកើតហេតុ ជនរងគ្រោះដេកលក់ក្នុងរោងលក់បាយ នៅចំណុចភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងសាកថ្មទូរស័ព្ទ នៅលើកៅអីក្បែរខ្លួន ស្រាប់តែជនសង្ស័យបានចូលទៅក្នុងរោងលក់បាយរបស់ជនរងគ្រោះ លួចយកទូរស័ព្ទដៃរួចគេចខ្លួន ។
លុះដល់ថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១១ :២៦នាទី ទើបជនរងគ្រោះមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍ដីឥដ្ឋ។ ពេលទទួលបានពាក្យប្តឹងភ្លាម កម្លាំងប៉ុស្តិ៍ដីឥដ្ឋ បានចុះទៅដល់កន្លែងកើតហេតុ រួចឆែកតាមប្រព័ន្ធ ជីមែល (Gmail) ទើបរកឃើញជនសង្ស័យ កំពុងអង្គុយកាន់ទូរស័ព្ទរបស់ជនរងគ្រោះនៅរោងកាត់សក់ឋិតក្នុងភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ភ្លាមនោះកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរ។
ចំពោះមុខនគរបាលជនសង្ស័យឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពចូលលួច ទូរស័ព្ទដៃរបស់ជនរងគ្រោះមែន មូលហេតុខ្លួនចង់បានទូរស័ព្ទយកមកប្រើ ។
នគរបាលបញ្ជាក់ឲ្យដឹងថា កន្លងមកជនសង្ស័យធ្លាប់ធ្វើសកម្មភាពលួចចំនួន០៣លើក៖
-លើកទី១៖ ថ្ងៃខែមិនចាំ ឆ្នាំ២០២៦ ជនសង្ស័យបានចូលទៅលួចចេករបស់ប្រជាពលរដ្ឋចំនួន០៣ស្ទង ។
-លើកទី២៖ ថ្ងៃខែមិនចាំ ឆ្នាំ២០២៦ ជនសង្ស័យលួចស្បែកជើងនៅក្នុងផ្សារស្តៅកន្លែងបានចំនួន០២គូរ ។
-លើកទី៣៖ ថ្ងៃខែមិនចាំ ឆ្នាំ២០២៦ ជនសង្ស័យបានលួចខ្សែភ្លើងរបស់ប្រជាពលរដ្ឋប្រវែង៣០ម៉ែត្រ ។
បច្ចុប្បន្នកម្លាំងនគរបាកជំនាញសុំគោលការណ៍ឃាត់ ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕










