ខេត្តកំពង់ស្ពឺ៖ក្រោមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាបនិងឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងភូមិសាស្ត្រស្រុកសំរោងទង។
ប្រតិបត្តិការនេះធ្វើឡើង កាលពីម៉ោង១១:៣០នាទី ថ្ងៃទី ០២ ខែវិច្ឆិកាឆ្នាំ២០២៦ ដឹកនាំដោយលោកវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ចុះបង្រ្កាបករណីគ្រឿងញៀនចំនួន១ ករណី ស្ថិតនៅភូមិបេង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យទាំងពីរនាក់÷ទី១ ឈ្មោះ ផល ចាន់ណា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិបេង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនិង ជនសង្ស័យទី២មានឈ្មោះ សាម សំនៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងពង្រ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជាលទ្ធផលចាប់តកវត្ថុតាងបានរួមមាន:ម្សៅក្រាមសថ្លាសង្ស័យជាសាធាតុញៀនចំនួន០១កញ្ជប់ (ទម្ងន់០.២០ ក្រាម),ម៉ូតូចំនួន០១គ្រឿង(ម៉ាក HONDA DREAM C125 ពណ៍ស គ្មានស្លាកលេខ),ដាវចំនួន០២ដើម, ទូរស័ព្ទម៉ាក Iphone ចំនួន០១គ្រឿង,ខ្សៀជក់ចំនួន ០២ និងថង់ច្រកមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕
ដោយ៖ សុរិយា










