កុមារីអាយុ៦ឆ្នាំម្នាក់ ស្លាប់ក្រោយត្រូវបានបញ្ជូនពីគ្លីនិកឯកជន «ផេង សុវណ្ណារ័ត្ន» ទៅមន្ទីរពេទ្យគន្ធបុប្ផា ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ កុមារីម្នាក់ឈ្មោះ សុភ័ក្ត ពេជ្រចរណៃ អាយុ ៦ឆ្នាំ បានទទួលមរណភាព ក្រោយត្រូវបានបញ្ជូនពីគ្លីនិកឯកជន «ផេង សុវណ្ណារ័ត្ន» ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ ដើម្បីកំណត់មូលហេតុពិតប្រាកដនៃការស្លាប់។

 

តាមព័ត៌មានដែលទទួលបានពីក្រុមគ្រួសារ បានឱ្យដឹងថា ដំបូងឡើយកុមារីរូបនេះមានអាការៈមិនស្រួលក្នុងក្រពះ និងមានរោគសញ្ញាបន្ទោរបង់មានឈាម ទើបក្រុមគ្រួសារនាំទៅព្យាបាលនៅគ្លីនិកឯកជន «ផេង សុវណ្ណារ័ត្ន» ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

តាមការរៀបរាប់របស់ក្រុមគ្រួសារ គ្រូពេទ្យនៅគ្លីនិកខាងលើបានប្រាប់ថា កុមារីមានជំងឺប្រភេទមួយដែលអាចព្យាបាលបាន និងត្រូវការពេលប្រហែល១សប្តាហ៍ដើម្បីជាសះស្បើយ។

 

ក្រុមគ្រួសារបានបន្តថា ពួកគេបានស្នាក់នៅមើលថែ និងព្យាបាលកុមារីនៅគ្លីនិកនោះអស់រយៈពេល៦ថ្ងៃ។ រហូត ដល់វេលាម៉ោងប្រមាណ៤ទៀបភ្លឺ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយសារកុមារីមានអាការៈមិនប្រក្រតី និងធ្ងន់ធ្ងរ គ្រូពេទ្យក៏បានសម្រេចបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។

 

ទោះជាយ៉ាងណា នៅពេលទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ក្រុមគ្រូពេទ្យបានពិនិត្យឃើញថា ជីពចររបស់កុមារីលែងដំណើរការហើយ ហើយមិនអាចជួយសង្គ្រោះបាន រហូតបណ្តាលឱ្យកុមារីទទួលមរណភាពយ៉ាងអកុសល។ តាមរបាយការណ៍បឋម ករណីនេះត្រូវបានរាយការណ៍ថា បានកើតឡើងនៅវេលាម៉ោង១៥៖០០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

 

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងសហការជាមួយការិយាល័យជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវ និងកំណត់មូលហេតុពិតប្រាកដនៃការស្លាប់របស់កុមារីរូបនេះ។ករណីនេះបានធ្វើឱ្យក្រុមគ្រួសារមានការសោកសង្រេងយ៉ាងខ្លាំង ខណៈកំពុងរង់ចាំការបញ្ជាក់ពីលទ្ធផលស្រាវជ្រាវរបស់សមត្ថកិច្ច និងស្ថាប័នជំនាញពាក់ព័ន្ធ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print