ប្រមុខដឹកនាំ អាមេរិក ចិន និងរុស្ស៊ី នឹងបើកកិច្ចប្រជុំជាប្រវត្តិសាស្ត្រលើទឹកដីចិន

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា សេតវិមាន នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រកាសថាលោក ដូណាល់ ត្រាំ លោក វ្ល៉ាឌីមៀ ពូទីន និងលោក ស៊ី ជីនពីង នឹងបើកកិច្ចប្រជុំត្រីភាគីជាលើកដំបូងមិនធ្លាប់មានរវាងមេដឹកនាំសហរដ្ឋអាមេរិក រុស្ស៉ី និងចិន នាឱកាសចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងទីក្រុង Shenzhen ប្រទេសចិននៅសប្ដាហ៍ក្រោយ។

ក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថាលោក ត្រាំ ចង់ជជែកអំពីការកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែរនៅឯជំនួបត្រីភាគីនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ ហើយក៏មានគម្រោងលើកយកសង្រ្គាមរបស់លោកជាមួយអ៉ីរ៉ង់ទៅពិភាក្សាផងដែរ។ ប៉ុន្តែលោក ត្រាំមិនត្រូវបានរំពឹងថានឹងពិភាក្សាពីសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែននោះទេ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន អ្នកនាំពាក្យសេតវិមាន លោកស្រី Olivia Wales បាននិយាយថាមេដឹកនាំទាំង៣ នឹងជួបគ្នានាឱកាសចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងទីក្រុង Shenzhen ប្រទេសចិន។ «លោកប្រធានាធិបតីបានបញ្ជាក់ច្បាស់ៗ ថាក្នុងចំណោមប្រធានបទដទៃទៀត លោកនឹងពិភាក្សាពីការកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែរនៅក្នុងពិភពលោក ហើយលោកប្រធានាធិបតីជឿថាការរីកសាយអាវុធនុយក្លេអ៊ែរគឺជាគ្រោះថ្នាក់ធំបំផុត»។ នេះជាការគូសបញ្ជាក់របស់លោកស្រី Wales។
លោក ដូណាល់ ត្រាំ មានគម្រោងចាកចេញពីទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយ ហើយគ្រោងនឹងទៅដល់ហ្វីលីពីននៅថ្ងៃអង្គារ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន មុននឹងធ្វើដំណើរទៅកាន់ទីក្រុង Shenzhen៕

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print