ខេត្តតាកែវ÷ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលចុះឃាត់ខ្លួនដល់កន្លែង បន្ទាប់ពីរូបគេបានធ្វើសកម្មភាពផ្លោះរបងចូលទៅក្នុងបរិវេណផ្ទះរបស់ប្រជាពលរដ្ឋ រួចយកដង្កាប់កាត់ផ្តាច់ទុយោស្ពាន់ម៉ាស៊ីនត្រជាក់បម្រុងយកទៅលក់។ ករណីអំពើលួចនេះបានកើតឡើងកាលពីថ្ងៃទី១១ វិច្ឆិកា ២០២៦ ស្ថិតក្នុងភូមិចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ទូច គាថា ភេទប្រុស អាយុ៣៣ឆ្នាំ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ទូច ខាន់ដា។ ប្រភពដដែលបានបន្តថា មុនពេលឈានដល់ការឃាត់ខ្លួន ជនសង្ស័យបានធ្វើសកម្មភាពផ្លោះរបងចូល ក្នុងបរិវេណផ្ទះរបស់ជនរងគ្រោះ រួចប្រើប្រាស់ដង្កាប់ដែកចំនួន ១ដើម លួចកាត់ផ្តាច់ទុយោស្ពាន់កន្ទុយម៉ាស៊ីនត្រជាក់ចំនួន ១គ្រឿង នៅខាងក្រោយផ្ទះ ដោយមូរបានចំនួន ១ដុំ មានទម្ងន់ ៤៤០ក្រាម។ ភ្លាមៗនោះ កម្លាំងជំនាញក៏បានចុះទៅដល់ និងឃាត់ខ្លួនជនបង្ក ព្រមទាំងដកហូតវត្ថុតាងដែលធ្វើសកម្មភាពរួចខាងលើត្រឡប់មកវិញ។
ប្រភពសមត្ថកិច្ចបបញ្ជាក់ថា ប្រតិបត្តិការចុះបង្ក្រាបនេះគឺធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ ការសម្របសម្រួលនីតិវិធីពីលោក ស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការនគរបាលស្រុកបាទី។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកបាទីកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










