ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរទេព្យភ្លាមៗខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបុកគ្នា។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៦។ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី នៅត្រង់មុខក្រសួងការពារជាតិដែលស្ថិតនៅសង្កាត់មិត្តភាព ខណ្ឌ 7 មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានរថយន្ត Lexus Rx 300 ពាក់ស្លាកលេខភ្នំពេញ2W-5361 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវសហព័ន្ធរុស្សីលុះមកដល់ចំណុចកើតហេតុអ្នកបើកបរបានបត់រថយន្តត្រឡប់ក្រោយ ខណៈនោះក៏មានម៉ូតូហុងដាឌ្រីមពាក់ស្លាកលេខកំពត1L-6501 បើកបរបុរសម្នាក់ក្នុងទិសដៅស្របគ្នាចាប់ហ្វាំងមិនទាន់ក៏ជ្រុលទៅរថយន្តត្រូវពីចំហៀងផ្នែកខាងក្រោយពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ខាងម៉ូតូដួលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗតែម្តងចំណែករថយន្តនិងម៉ូតូរងការខូចខាតទាំងសងខាង។
ក្រោយកើតហេតសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សារទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ សីហា សែនសុខ










