អ្នកវិនិយោគជនជាតិចិន Kang Wei បានកសាងទំនាក់ទំនងអាជីវកម្មជាមួយអតីតនាយកប្រតិបត្តិ Nvidia លោក Jensen Huang តាមរយៈការវិនិយោគក្នុងវិស័យវីដេអូហ្គេម មុនពេលត្រូវបានរាយការណ៍ថា ជាអ្នកណែនាំភរិយារបស់ខ្លួន គឺ Alice Huang ឱ្យស្គាល់មហាសេដ្ឋីរូបនេះ។
អ្នកគ្រប់គ្រងមូលនិធិវ័យ ៥១ ឆ្នាំរូបនេះ កំពុងទទួលបានការចាប់អារម្មណ៍ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីទំនាក់ទំនងស្នេហារវាង Alice និង Jensen ដែលបានលាលែងពីតំណែងជានាយកប្រតិបត្តិ Nvidia កាលពីថ្ងៃព្រហស្បតិ៍។
Kang និង Alice ធ្លាប់ធ្វើការរួមគ្នានៅក្រុមហ៊ុន Hexi Investment ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ។ ប្រភពដែលស្គាល់ប្តីប្រពន្ធមួយគូនេះ បានបញ្ជាក់ថា ពួកគេជាប្តីប្រពន្ធ នេះបើយោងតាមសារព័ត៌មាន The New York Times។
ប្រវត្តិ និងអាជីពវិនិយោគរបស់ Kang Wei
Kang បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Shanghai Jiao Tong ហើយបានចាប់ផ្តើមលេចធ្លោនៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសចិន ចាប់តាំងពីទសវត្សរ៍ឆ្នាំ ២០០០។
នៅឆ្នាំ ២០០៧ ក្នុងវ័យ ៣២ ឆ្នាំ លោកបានក្លាយជាអគ្គនាយកក្រុមហ៊ុន Zhonghai Fund ដែលធ្វើឱ្យលោកក្លាយជានាយកប្រតិបត្តិវ័យក្មេងបំផុតម្នាក់ក្នុងប្រទេសចិន ដែលដឹកនាំក្រុមហ៊ុនគ្រប់គ្រងមូលនិធិ នេះបើយោងតាមសារព័ត៌មាន Caixin Global។
នៅឆ្នាំ ២០១០ លោកបានបង្កើតក្រុមហ៊ុន Shanghai Hexi Investment ដែលជាក្រុមហ៊ុនវិនិយោគឯកជន (Private Equity)។ ឈ្មោះ Hexi មានន័យថា «វិបុលភាពប្រកបដោយភាពសុខដុមរមនា»។ ក្រុមហ៊ុននេះបានពង្រីកការវិនិយោគទៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា អ្នកអភិវឌ្ឍវីដេអូហ្គេម និងការទិញយកក្រុមហ៊ុនផ្សេងៗ។
Alice ដែលធ្លាប់ធ្វើការក្នុងវិស័យសារព័ត៌មាន និងហិរញ្ញវត្ថុ បានចូលរួមជាមួយ Hexi ក្នុងឆ្នាំ ២០១៥ ក្នុងតួនាទីជាអគ្គនាយករង និងជាសមាជិកគណៈកម្មាធិការវិនិយោគ។ យោងតាមកំណត់ត្រាក្រុមហ៊ុន ពួកគេទាំងពីរបានចាប់ផ្តើមគ្រប់គ្រងអាជីវកម្មរួមគ្នានៅឆ្នាំ ២០១៦។
ការវិនិយោគរបស់ Kang ក្នុងក្រុមហ៊ុនវីដេអូហ្គេម បាននាំឱ្យលោកមានឱកាសស្គាល់ Jensen នៅអំឡុងទសវត្សរ៍ឆ្នាំ ២០១០ ដែលជាពេលនោះ Nvidia ត្រូវបានគេស្គាល់ជាចម្បងថា ជាក្រុមហ៊ុនផលិតបន្ទះឈីបក្រាហ្វិកសម្រាប់កុំព្យូទ័រលេងហ្គេម។
នៅឆ្នាំ ២០២៣ Kang និង Alice បានទិញយកក្រុមហ៊ុនបុត្រសម្ព័ន្ធនៅសិង្ហបុរីរបស់ក្រុមហ៊ុនវីដេអូហ្គេមមួយ ដែលពួកគេធ្លាប់បានវិនិយោគពីមុន ហើយបានប្តូរឈ្មោះក្រុមហ៊ុននោះទៅជា Megaspeed International។
នៅខែវិច្ឆិកា ឆ្នាំដដែល Megaspeed បានក្លាយជាដៃគូសេវាកម្ម Cloud របស់ Nvidia ដោយទទួលបានសិទ្ធិចូលប្រើប្រាស់ជាអាទិភាពលើបន្ទះឈីប AI ជំនាន់ទំនើប សម្រាប់មជ្ឈមណ្ឌលទិន្នន័យ។ ក្រោយមក ក្រុមហ៊ុននេះបានទទួលការបញ្ជាទិញផ្នែករឹងរបស់ Nvidia ដែលមានតម្លៃរាប់ពាន់លានដុល្លារ នេះបើយោងតាមសារព័ត៌មាន The Wall Street Journal។
ប្រឈមនឹងការពិន័យ និងវិវាទអាជីវកម្ម
អាជីពវិនិយោគរបស់ Kang ក៏មានជាប់ពាក់ព័ន្ធនឹងការពិន័យពីនិយ័តករ និងវិវាទអាជីវកម្មមួយចំនួនផងដែរ។
នៅឆ្នាំ ២០១៨ និយ័តករមូលបត្ររបស់ប្រទេសចិន បានពិន័យក្រុមហ៊ុន Hexi Investment ចំនួន ១៧,៧ លានយ័ន (ប្រមាណ ២,៦ លានដុល្លារអាមេរិក) និងពិន័យ Kang ចំនួន ៤០០.០០០ យ័ន ពាក់ព័ន្ធនឹងការបំពានលើការមិនបង្ហាញព័ត៌មានអំពីការកាន់កាប់ភាគហ៊ុន។
នៅខែសីហា ឆ្នាំ ២០២៥ លោកទទួលបានការពិន័យបន្ថែមចំនួន ២,៥ លានយ័ន ដោយសារការបំពានលើកាតព្វកិច្ចបង្ហាញព័ត៌មាន ពាក់ព័ន្ធនឹងឥទ្ធិពលរបស់លោកលើក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុន។ បន្ទាប់មក នៅខែមិថុនា ឆ្នាំ ២០២៦ លោកក៏ទទួលបានការព្រមានពីអាជ្ញាធរនិយ័តកម្មផងដែរ។
នៅជុំវិញពិធីបុណ្យចូលឆ្នាំចិន ក្នុងខែកុម្ភៈ ឆ្នាំ ២០២៦ ប៉ូលិសទីក្រុងសៀងហៃបានចាត់វិធានការផ្លូវច្បាប់ផ្នែកព្រហ្មទណ្ឌលើ Kang ពាក់ព័ន្ធនឹងការសង្ស័យថា លោកបានប៉ុនប៉ងបំប៉ោង ឬរៀបចំតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុន។
ចាប់តាំងពីពេលនោះមក Kang ត្រូវបានដោះលែង ហើយថ្មីៗនេះ លោកបានចែករំលែករូបថតមួយសន្លឹកដែលបង្ហាញពីរូបលោកជាមួយមិត្តភក្តិនៅសាកលវិទ្យាល័យ Stanford ក្នុងរដ្ឋ California សហរដ្ឋអាមេរិក។
ទំនាក់ទំនងជាមួយ Jensen Huang
តាមសេចក្តីរាយការណ៍ Kang គឺជាអ្នកណែនាំ Alice ឱ្យស្គាល់ Jensen ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថា ពួកគេទាំងពីរបានជួបគ្នាលើកដំបូងនៅពេលណានោះទេ។
ក្រោយមក Alice និង Jensen បានបង្កើតទំនាក់ទំនងស្នេហាជាមួយគ្នា។ Kang ត្រូវបានរាយការណ៍ថា បានដឹងអំពីទំនាក់ទំនងនេះ ហើយហាក់ដូចជាបានអនុញ្ញាតឱ្យបន្តអស់រយៈពេលប្រមាណ ២ ឆ្នាំ។
សារព័ត៌មាន The New York Times បានរាយការណ៍ថា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ Alice និង Jensen បានជួបគ្នានៅទីតាំងផ្សេងៗជុំវិញពិភពលោក រួមមានទីក្រុងសៀងហៃ ទីស្នាក់ការកណ្តាលរបស់ Nvidia នៅតំបន់ Silicon Valley រមណីយដ្ឋានវាយកូនហ្គោលមួយនៅភាគខាងត្បូងទីក្រុង San Jose រដ្ឋ California និងកោះតៃវ៉ាន់។
យោងតាមសារព័ត៌មាន New York Post លោក Kang និង Alice ក៏បានប្រើប្រាស់ទំនាក់ទំនងរបស់ពួកគេជាមួយ Jensen ដើម្បីទាក់ទាញឱកាសអាជីវកម្មផងដែរ។ សេចក្តីរាយការណ៍មួយចំនួនពីប្រព័ន្ធផ្សព្វផ្សាយចិនបានអះអាងថា Kang បានលើកឡើងពីទំនាក់ទំនងជិតស្និទ្ធរបស់ Alice ជាមួយមហាសេដ្ឋី Nvidia រូបនេះ ដើម្បីទាក់ទាញអតិថិជនដែលមានសក្តានុពល។
Alice ក៏ធ្លាប់ប្រឈមនឹងការចោទប្រកាន់ថា មានទំនាក់ទំនងជាមួយចារកម្មចិនផងដែរ ប៉ុន្តែប្រទេសចិនបានបដិសេធការចោទប្រកាន់នេះ។
នៅថ្ងៃទី ៨ ខែវិច្ឆិកា Jensen បានទទួលស្គាល់ជាសាធារណៈតាមរយៈលិខិតផ្ញើជូនបុគ្គលិក Nvidia ថា លោកបានមានទំនាក់ទំនងស្នេហាក្រៅអាពាហ៍ពិពាហ៍។ លោកបានសុំទោសភរិយារបស់ខ្លួន គឺ Lori Huang ដែលបានរស់នៅជាមួយគ្នាអស់រយៈពេលជាង ៤០ ឆ្នាំ ព្រមទាំងកូនទាំងពីរនាក់របស់ពួកគេ។
ទោះជាយ៉ាងណា ក្នុងលិខិតនោះ Jensen មិនបានបញ្ជាក់ឈ្មោះ Alice ឬបង្ហាញថា ទំនាក់ទំនងស្នេហានោះបានចាប់ផ្តើមតាំងពីពេលណានោះទេ៕










