ខ្សែប្រយុទ្ធ Kylian Mbappe អាចចូលលេងបានក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូល Nations League របស់បារាំង ទល់នឹងតួកគី។ នេះបើតាមការបញ្ជាក់របស់គ្រូបង្វឹក Zinedine Zidane កាលពីថ្ងៃសៅរ៍ ខណៈក្រុមជម្រើសជាតិបារាំងកំពុងស្វែងរកកៅអីទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ។
ខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid រូបនេះបានខកខានការប្រកួតដែលបារាំងចាញ់អ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍ ដោយសារបញ្ហារបួសសរសៃពួរខាងក្រោយភ្លៅ (Hamstring)។ ប៉ុន្តែ Zidane បានបញ្ជាក់ថា៖ «គាត់នឹងចូលរួមជាមួយយើងនៅថ្ងៃស្អែក (ថ្ងៃអាទិត្យ)»។
Mbappe ដែលរកបាន ១៧ គ្រាប់ក្នុងការប្រកួតគ្រប់កម្មវិធីសម្រាប់ក្លឹបរបស់ខ្លួននៅរដូវកាលនេះ បានវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិបារាំងវិញ សម្រាប់ការប្រកួតអន្តរជាតិលើកនេះ បន្ទាប់ពីខកខានការប្រកួត ៣ លើកមុនរបស់ក្រុមជាតិ ដោយសារបញ្ហារបួស។
Zidane បាននិយាយថា ការវិលត្រឡប់របស់ Mbappe «ផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង» ហើយបានបន្ថែមថា៖ «ខ្ញុំចង់ឱ្យគាត់នៅជាមួយយើង ជាជាងអវត្តមាន»។
អតីតវីរបុរសបាល់ទាត់វ័យ ៥៤ ឆ្នាំរូបនេះ ដែលធ្លាប់ឈ្នះពាន World Cup ជាមួយបារាំងក្នុងឆ្នាំ ១៩៩៨ និងជើងឯកអឺរ៉ុបពីរឆ្នាំបន្ទាប់ ក៏បានបដិសេធចំពោះព័ត៌មានអំពីភាពតានតឹងក្នុងទំនាក់ទំនងរវាងលោក និង Mbappe ផងដែរ។ លោកបានអះអាងថា ទំនាក់ទំនងរវាងលោកជាមួយខ្សែប្រយុទ្ធឆ្នើមរូបនេះកំពុងដំណើរការយ៉ាងល្អឥតខ្ចោះ។
Zidane បាននិយាយថា៖ «ខ្ញុំមិនអាចបញ្ឈប់មនុស្សមិនឱ្យនិយាយអ្វីដែលពួកគេចង់និយាយបានទេ ប៉ុន្តែវាជារឿងមិនពិត និងគួរឱ្យរំខានយ៉ាងខ្លាំង»។
បច្ចុប្បន្ន បារាំងឈរនៅលេខ២ ក្នុងពូល A1 ដោយមាន ១០ ពិន្ទុ ស្មើនឹងអ៊ីតាលី។ ក្រុមរបស់ Zidane ត្រូវការត្រឹមលទ្ធផលស្មើជាមួយតួកគី ក្នុងការប្រកួតនៅទីក្រុង Bordeaux ប៉ុណ្ណោះ ដើម្បីធានាកៅអីទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Nations League៕










