ខេត្តកំពង់ស្ពឺ÷ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារនិងគំរាមកំហែងសម្លាប់ទៅលើប្អូនស្រីបង្កើត នៅភូមិសាស្ត្រស្រុកភ្នំស្រួច។
អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារនិងគំរាមកំហែងសម្លាប់ទៅលើប្អូនស្រីបង្កើតនៅភូមិសាស្ត្រស្រុកភ្នំស្រួច។
នៅវេលាម៉ោង២០:១៥នាទី នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine ១២៩២ (២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីប្រជាពលរដ្ឋរាយការណ៍និងប្តឹងដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារនិងគំរាមកំហែងសម្លាប់ទៅលើប្អូនស្រីបង្កើតក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច។
ភ្លាមៗកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោកអនុសេនីយ៍ឯក គិត ប៊ុនធឿន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានចុះទៅដល់ចំណុចកើតហេតុផ្ទះរបស់ជនរងគ្រោះមានឈ្មោះ ឡេង ចាន់ណារី ភេទស្រី អាយុ៣៧ឆ្នាំ (ត្រូវជាប្អូនបង្កើត) និងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ឡេង ម៉ាឡែន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ(ត្រូវជាបងបង្កើត) ជាប់ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង១៩:៣០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចកើតហេតុផ្ទះជនរងគ្រោះ ស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដោយជនសង្ស័យបានធ្វើសកម្មភាព រករឿងអុកឡុក ស្រែកឡូឡា និងគំរាមកំហែងសម្លាប់ទៅលើប្អូនស្រីបង្កើត។ ចាប់យកវត្ថុតាងបានកាំបិតផ្គាក់ចំនួន០១ដើម។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕
ដោយ៖ សុរិយា










