អារ៉ាប៊ីសាអូឌីត បាញ់ស្ទាក់មីស៊ីលបាលិស្ទីគ២គ្រាប់ ដែលបាញ់សំដៅមកកាន់ទីក្រុងរីយ៉ាដ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថាក្រុមយោធាចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធជាមួយក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែន បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ខ្លួនបានបាញ់ស្ទាក់មីស៊ីលបាលិស្ទីគចំនួន២គ្រាប់ ដែលក្រុមឧទ្ទាមគាំទ្រដោយអ៉ីរ៉ង់នេះ បានបាញ់សំដៅមកកាន់រាជធានីរីយ៉ាដ។

អ្នកនាំពាក្យក្រុមចម្រុះអារ៉ាប៊ីសាអូឌីត លោក Turki al-Maliki បានបង្ហោះសារនៅលើបណ្តាញសង្គម X ដូច្នេះថា «ប្រព័ន្ធការពារដែនអាកាស បានបាញ់ស្កាត់ និងបំផ្លាញមីស៊ីលបាលិស្ទីគចំនួន២គ្រាប់ ដែលបាញ់ដោយក្រុមភេរវករហ៊ូទី សំដៅមកកាន់ទីក្រុងរីយ៉ាដ»។ នៅមុននោះ អ្នកនាំពាក្យដដែលក៏បានឱ្យដឹងក្នុងសារបង្ហោះដាច់ដោយឡែកមួយទៀតផងដែរថា ប្រព័ន្ធការពារដែនអាកាសអារ៉ាប៊ីសាអូឌីត បានបំផ្លាញយន្តហោះដ្រូនចំនួន២គ្រឿង នៅក្នុងតំបន់ភាគខាងកើតប្រទេស។
ក្រុមចម្រុះខាងលើ ដែលគាំទ្ររដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ក្នុងសង្គ្រាមប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី បានប្រឈមមុខជាមួយការកើនឡើងនៃការវាយប្រហារ ចាប់តាំងពីអរិភាពបានផ្ទុះឡើងវិញ កាលពីខែកក្កដា។ ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រុមហ៊ូទីបានបើកការវាយប្រហារ លើគោលដៅជាច្រើនរបស់អារ៉ាប៊ីសាអូឌីត រួមមានហេដ្ឋារចនាសម្ព័ន្ធថាមពលនិងដឹកជញ្ជូន ទីតាំងយោធា និងតំបន់ហិរញ្ញវត្ថុនៃទីក្រុងរីយ៉ាដ។ រាជធានីរីយ៉ាដ រួមទាំងអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងនេះ បានរងការវាយប្រហារជាញឹកញាប់។
កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ការវាយប្រហាររបស់ក្រុមហ៊ូទី បានបណ្តាលឱ្យអគារខ្ពស់មួយរបស់ក្រុមហ៊ុន Aramco ដែលជាក្រុមហ៊ុនប្រេងរដ្ឋរបស់អារ៉ាប៊ីសាអូឌីត រងការខូចខាតនៅក្នុងបន់ហិរញ្ញវត្ថុនៃទីក្រុងរីយ៉ាដ។ យោងតាមអាជ្ញាធរ មនុស្សសរុបចំនួន ២៦នាក់បានស្លាប់ ក្នុងការវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត ចាប់តាំងពីខែកញ្ញាមក ក្នុងនោះ ២៣នាក់បានស្លាប់ ដោយសារការវាយប្រហារលើអាកាសយានដ្ឋាន។ រីឯនៅក្នុងប្រទេសយេម៉ែនវិញ ក្រុមហ៊ូទីតែងតែរាយការណ៍អំពីការវាយប្រហារតាមអាកាសរបស់អារ៉ាប៊ីសាអូឌីត លើតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។
យោងតាមអង្គការសហប្រជាជាតិ ចាប់តាំងពីបទឈប់បាញ់រយៈពេល៤ឆ្នាំ បានដួលរលំកាលពីរដូវក្តៅ ឆ្នាំនេះមក មនុស្សជាង ១ ៦០០នាក់បានបាត់បង់ជីវិត និងជាង៣០០ ០០០នាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print