ភ្នំពេញ ៖ បើយើងចំណាយថវិកា ១០០ឬ២០០លានដុល្លារ ដើម្បីផ្សព្វផ្សាយឱ្យពិភពលោកស្គាល់កម្ពុជា ក៏មិនប្រាកដថាទទួលបានប្រសិទ្ធភាពដូចការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនោះដែរ។ ការចំណាយលើការរៀបចំកិច្ចប្រជុំកំពូលនេះ គឺជាការវិនិយោគដ៏សំខាន់លើអំណាចទន់និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ។ នេះនៅមិនទាន់រាប់បញ្ចូលផលប្រយោជន៍ខាងនយោបាយ ការទូត សេដ្ឋកិច្ច សង្គម វប្បធម៌ ទេសចរណ៍ និងអប់រំ ដែលកម្ពុជាអាចទទួលបានផង។ នេះជាការលើកឡើងពី ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
លោកបណ្ឌិត គិន ភា ថា ដូច្នេះ សូមឱ្យបងប្អូនកូនក្មួយដែលមិនទាន់យល់ច្បាស់ពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលនេះ មេត្តាព្យាយាមសិក្សានិងស្វែងយល់ឱ្យបានស៊ីជម្រៅ មុននឹងធ្វើការវាយតម្លៃ។ ការចំណាយថវិកាជាតិមិនត្រូវវាស់ត្រឹមទំហំទឹកប្រាក់ដែលចំណាយនោះទេ ប៉ុន្តែត្រូវវាស់ពីតម្លៃនិងផលប្រយោជន៍ដែលជាតិទទួលបានក្នុងរយ:ពេលខ្លីនិងរយៈពេលវែង៕
ដោយ ៖ សិលា














