ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីទទួលផលចោរកម្ម និងសង្ស័យពាក់ព័ន្ធគ្រឿងញៀន ខណៈក្មេងប្រុស២ នាក់ជាអ្នកធ្វើសកម្មភាពលួច

ចែករំលែក៖

ខេត្តបាត់ដំបង÷ មន្ត្រីនគរបាលស្រុកសំពៅលូនឲ្យដឹងនៅថ្ងៃទី១៥ខែវិច្ឆិកានេះថា កម្លាំងអធិការដ្ឋាននគរបាលស្រុកបានចុះប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីទទួលផលចោរកម្ម និងរក្សាទុកសារធាតុញៀន។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ខឹម សុក ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួម មាន៖ ចិញ្ចៀនលោហៈធាតុពណ៌ទង់ដែងដាំត្បូង ចំនួន ០១វង់ និងម្សៅក្រាមពណ៌សថ្លាច្រកក្នុងទុយោចំនួន ០១កំណាត់ (សង្ស័យជាសារធាតុញៀន)។

ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ថាំង សំរុង ភេទប្រុស អាយុ ៣២ឆ្នាំ ថាកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល ២២ និង ៤០នាទី មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានលួចបើកទ្វាររថយន្តរបស់ខ្លួនដែលភ្លេចចាក់សោ នៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ដោយបានលួចយកចិញ្ចៀនផ្លាកទីនដាំត្បូង១វង់ តម្លៃប្រមាណ ៥,០០០ដុល្លារ ពីក្នុងរថយន្ត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ខឹម សុក ឆ្លើយសារភាពថា ខ្លួនពិតជាបានទទួលចិញ្ចៀនខាងលើពីក្មេងប្រុស២នាក់ប្រាកដមែន ដើម្បីទុកចាត់ចែងលក់យកប្រាក់ទិញថ្នាំញៀនជក់ជុំគ្នា។ ជនសង្ស័យបានបន្ថែមថា កន្លងមកឱ្យតែក្រុមខាងលើលួចបានរបស់របរ គឺតែងតែយកមកឱ្យខ្លួនជាអ្នកចាត់ចែងលក់បន្ត។

ផ្អែកតាមចម្លើយសារភាពនេះ ក្នុងថ្ងៃដដែល សមត្ថកិច្ចបានបន្តស្រាវជ្រាវ និងនាំខ្លួនក្មេងប្រុស២នាក់មកសាក សួរ ដែលរួមមានឈ្មោះ រ៉ា សុខរី អាយុ ១១ឆ្នាំ និង គីម ឡុង អាយុ ១៣ឆ្នាំ។ ក្មេងប្រុសទាំង២ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចបើកទ្វាររថយន្តដែលម្ចាស់ភ្លេចចាក់សោ លួចយកចិញ្ចៀន និងប្រាក់មួយចំនួន យកមកប្រគល់ឱ្យឈ្មោះ ខឹម សុខ ពិត ប្រាកដមែន។

បច្ចុប្បន្ន ក្រោមការបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន ជនសង្ស័យឈ្មោះ ខឹម សុក ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print