សមត្ថកិច្ចចម្រុះបង្ក្រាបបារីឆ្លងដែនខុសច្បាប់ ២៦ប៊ិច នៅស្រុកម៉ាឡៃ ខណៈមេខ្លោងធំនៅពីក្រោយខ្នងនៅតែបន្តរត់គេចខ្លួនមិនទាន់ឃាត់ខ្លួនបាន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៧និង៤០នាទី ល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងវរសេនាតូចលេខ៥១១ចំណុះកងពលតូចថ្មើជើងលេខ៥១សហការជាមួយកម្លាំងវរសេនាតូច៨១៥ ចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកិច្ចប្រតិបត្តិការបង្ក្រាបករណីនាំចូលទំនិញបារីឆ្លងដែនខុសច្បាប់ចំនួន ២៦ប៊ិច នៅចំណុច ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

 

ទាក់ទងនឹងកិច្ចប្រតិបត្តិការនេះ ប្រជាពលរដ្ឋនិងអ្នកតាមដានការងារសង្គម សម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្មារតីទទួលខុសត្រូវ ភាពហ្មត់ចត់ និងការយកចិត្តទុកដាក់ខ្ពស់របស់កម្លាំងសមត្ថកិច្ចចម្រុះទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងតាមដានឃ្លាំមើល និងស្ទាក់ចាប់រាល់សកម្មភាពបទល្មើសផ្សេងៗ ក៏ដូចជាសកម្មភាពនាំចូលទំនិញគេចពន្ធនិងបារីឆ្លងដែនតាមបន្ទាត់ព្រំដែនយ៉ាងសកម្ម ក្នុងគោលបំណងការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

 

ប្រភពព័ត៌មានពីមូលដ្ឋានបានឱ្យដឹងថា ក្រុមឈ្មួញជាថៅកែម្ចាស់ទំនិញទាំងនេះ បានធ្វើសកម្មភាពនាំចេញពីស្រុកសំពៅលូន។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលជាការសោកស្ដាយ និងត្រូវបានសាធារណជនដាក់ការ សង្ស័យជាញឹកញាប់ គឺរាល់ពេលដែលមានប្រតិបត្តិការបង្ក្រាបគឺតែងតែខកខានមិនបានឃាត់ខ្លួនមុខសញ្ញា ឬមេឈ្មួញធំជាម្ចាស់ទំនិញផ្ទាល់ឡើយ ពោលគឺចាប់បានតែវត្ថុតាង។

 

បច្ចុប្បន្ន វត្ថុតាងទំនិញបារីទាំងអស់ ត្រូវបានសមត្ថកិច្ចចម្រុះប្រគល់ជូនទៅឱ្យ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

 

មហាជន សង្ឃឹមយ៉ាងមុតមាំថា សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ នឹងបន្តបើកការស៊ើបអង្កេតឱ្យបានស៊ីជម្រៅ ដើម្បីវែកមុខរកមេខ្លោងធំ និងបក្ខពួកនៅពីក្រោយខ្នង នៃការនាំចូលទំនិញគេចពន្ធទាំងនេះ មកចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹង គ្មានការលើកលែងឡើយ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print