ខេត្តកំពត៖ ករណីឃាតកម្មដ៏គួរឱ្យរន្ធត់និងរញ្ជួយចិត្តមួយ បានកើតឡើងបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច ដោយសារតែបុរសជាអតីតប្ដី បានបើករថយន្តតាមបាញ់ប្រហារអតីតប្រពន្ធរហូត ដល់ស្លាប់យ៉ាងអាណោចអាធ័មរួចបាញ់សម្លាប់ធ្វើខ្លួនឯងអត្តឃាតតាមក្រោយ បណ្ដាលឱ្យស្លាប់ទាំងពីរនាក់ឪពុកម្ដាយនិងកូនៗស្រែកយំអាណោចអាធ័ម។
ហេតុការណ៍ដ៏គួរឱ្យតក់ស្លុតនេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ១៥នាទីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះ នៅចំណុចផ្សារកំពង់ត្រាច តាមបណ្ដោយផ្លូវជាតិលេខ៣៣ ដែលស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
តាមរបាយការណ៍ពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះជាអតីតប្រពន្ធមានឈ្មោះ ភូ ផេង អាយុ ២៣ឆ្នាំ មានទីលំនៅរស់នៅក្នុងភូមិកើតហេតុខាងលើ។ រីឯជនដៃដល់ជាអតីតប្ដីឈ្មោះ ម៉ាលី ចាន់តូ អាយុ ២៧ឆ្នាំ មានទីលំនៅរស់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ប្រភពដដែលបានបញ្ជាក់ឱ្យដឹងទៀតថា មុនពេលកើត ហេតុ ជនដៃដល់ដែលជាអតីតប្ដីបានបើកបររថយន្តម៉ាកព្រុស (Prius) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BM-9205 ធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ។ លុះពេលបានឃើញអតីតប្រពន្ធ ក៏បានទាញកាំភ្លើងខ្លីម៉ាក K54 ចេញមកបាញ់ប្រហារទៅលើជនរងគ្រោះចំនួន ៥គ្រាប់ចំៗខ្លួន បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុតែ ម្ដង។ ក្រោយពីបាញ់ប្រហារអតីតប្រពន្ធរួច ជនដៃដល់ក៏បានបាញ់សម្លាប់ខ្លួនឯងជាច្រើនគ្រាប់ ដើម្បីធ្វើអត្តឃាតតាមក្រោយ ដែលបណ្ដាលឱ្យបាត់បង់ជីវិតស្លាប់ទាំងពីរនាក់នៅក្នុងហេតុការណ៍នោះ។
ជុំវិញករណីអំពើឃាតកម្មដ៏ក្ដុកក្ដួលនេះ បើយោងតាមសម្តីរបស់ឪពុកបង្កើតស្ត្រីរងគ្រោះ មានឈ្មោះ ភូ សេង បានប្រាប់ឱ្យដឹងថា កន្លងមកកូនស្រីរបស់គាត់ និងអតីតប្ដីរូបនេះ តែងតែមានទំនាស់ទាស់ទែង និងឈ្លោះ ប្រកែកគ្នាតាមទូរស័ព្ទអស់រយៈពេលជាងកន្លះខែមកហើយ។ ប៉ុន្តែមិននឹកស្មានថា ជនដៃដល់មានចិត្តដាច់ដល់ថ្នាក់បើកឡានតាមមកបាញ់សម្លាប់ដល់កន្លែងកើតហេតុបែបនេះសោះ។
ក្រោយពេលកើតហេតុភ្លាម កម្លាំងសមត្ថកិច្ចជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច សហការជាមួយនគរបាលបច្ចេកទេស និងកោសល្យវិច្ច័យខេត្ត បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ ដើម្បីពិនិត្យ និងស្រាវជ្រាវធ្វើកោរបបសល្យវិច្ច័យ ព្រមទាំងរៀបចំប្រគល់សពជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សុរិយា










