សារពត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានផ្សាយថា រុស្ស៉ី នៅថ្ងៃចន្ទនេះ បានអះអាងថាខ្លួនបានបាញ់ស្ទាក់ដ្រូនជាង ១ ៣០០គ្រឿងរបស់អ៊ុយក្រែន ក្នុងរយៈពេលពេញមួយយប់ រួមទាំង ៥០០គ្រឿងកំណត់គោលដៅមកលើទីក្រុងមូស្គូ ដែលជាការវាយប្រហារទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ក្នុងសង្រ្គាមជិត ៥ឆ្នាំំមកនេះ។
អភិបាលក្រុងមូស្គូ លោក Sergey Sobyanin បានឱ្យដឹងថា ប្រព័ន្ធការពារដែនអាកាសរុស្ស៉ី បានស្ទាក់ចាប់ដ្រូនប្រហែល ៦០០គ្រឿង ដែលហោះឆ្ពោះទៅកាន់តំបន់មូស្គូ នៅអំឡុងពេលយប់រហូតដល់ព្រឹកថ្ងៃចន្ទ។ លោកបានឱ្យដឹងទៀតថា ដ្រូនភាគច្រើនត្រូវបានបំផ្លាញ ដោយប្រព័ន្ធការពារដែនអាកាសរបស់ក្រសួងការពារជាតិ ពេលវានៅឆ្ងាយពីគោលដៅ។ មិនទាន់មានព័ត៌មានភ្លាមៗអំពីការខូចខាត និងចំនួនអ្នករងគ្រោះនោះទេ។ ក្រោយមក ក្រសួងការពារជាតិរុស្ស៉ីប្រកាសថា ប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់ និងបំផ្លាញដ្រូនរបស់អ៊ុយក្រែនចំនួន ១ ៣៣៦គ្រឿង នៅតាមតំបន់ជាច្រើនរួមទាំងមូស្គូ ក៏ដូចជានៅលើដែនទឹកនៃសមុទ្រខ្មៅ និងសមុទ្រ Azov។
ការវាយប្រហារយ៉ាងសន្ធាប់នេះ បានកើតឡើងមុនលទ្ធភាពនៃជំនួបរវាងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅឯទីក្រុង Shenzhen។ ប៉ុន្តែមន្ត្រីអាមេរិកថា សង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ទំនងជានឹងមិនក្លាយជាប្រធានបទសំខាន់នៅជំនួបនេះឡើយ៕

រូបថត: Tass









