កំពុងសម្ងំជួញដូរគ្រឿងញៀនយ៉ាងសកម្ម ស្រាប់តែត្រូវឆ្មក់ចូលក្របួចកបាន ៣នាក់ រួមជាមួយថ្នាំញៀន ៩កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ សំបុកជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មមួយកន្លែងត្រូវបានបែកធ្លាយ ឈានដល់ការឆ្មក់ចូលក្របួចកជនសង្ស័យបានចំនួន ៣នាក់ ភ្លាមៗដល់កន្លែង រួមជាមួយវត្ថុតាងថ្នាំញៀនចំនួន ៩កញ្ចប់ និងជញ្ជីងអេឡិចត្រូនិច។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១៤និង២០នាទី រសៀល ថ្ងៃទី១៥ វិច្ឆិកា ២០២៦ ស្ថិតនៅចំណុចភូមិរស្មីសាមគ្គី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមានទី១ ឈ្មោះ ញាណ ភារៈភេទ ប្រុស អាយុ៣៧ឆ្នាំទី២ ឈ្មោះ សាំង និល ភេទប្រុស អាយុ ៣០ឆ្នាំនិងទី៣ ឈ្មោះ ប៉ាន់ វណ្ណៈ ភេទ ប្រុស អាយុ ៣០ឆ្នាំ ដែលអ្នកទាំងបីរស់នៅភូមិរស្មីសាមគ្គី ឃុំជាំសង្កែ ស្រុកភ្នំស្រួច។ ប្រភពដដែលបានបន្តថា ភ្លាមៗនោះ កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៩កញ្ចប់ (៨កញ្ចប់មធ្យម និង១កញ្ចប់តូច) ទូរស័ព្ទដៃចំនួន ៣ គ្រឿង និងជញ្ជីងអេឡិចត្រូនិចចំនួន ២គ្រឿង។

ប្រភពសមត្ថកិច្ចបញ្ជាក់ថា ការចុះបង្ក្រាបនេះគឺធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ការចង្អុល បង្ហាញពីលោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ការណែនាំពីលោកវរសេនីយ៍ឯក យឿន ប៉ាក់ទី ស្នងការរងជំនួយការដឹកនាំការងារការិយាល័យប្រឆាំងគ្រឿងញៀន និងការ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច។ បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ដោយឡែក ចំពោះមូលហេតុដែលឈានដល់ការចុះបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាទាំង ៣នាក់ ខាងលើនេះ គឺដោយសារតែមានប្រជាពលរដ្ឋល្អបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានការសង្ស័យជួញដូរ និងប្រើ ប្រាស់គ្រឿងញៀននៅចំណុចទីតាំងកើតហេតុ ទើបកម្លាំងជំនាញចុះអន្តរាគមន៍ភ្លាមៗតែម្ដង៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print