កណ្តាល៖ មនុស្ស ២នាក់បានស្លាប់ និង ២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បន្ទាប់ពីបុរសម្នាក់បើកម៉ូតូកង់បីដឹកអ្នកដំណើរ ៣នាក់ ចេញពីមន្ទីរពេទ្យក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែជួបគ្រោះថ្នាក់ ដោយបានបុកពីក្រោយរថយន្តបែនដឹកដីមួយគ្រឿង ដែលកំពុងឈប់នៅលើចិញ្ចើមផ្លូវយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ១:៣០នាទីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី៣ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបែនដឹកដីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-2573 បានឈប់នៅលើចិញ្ចើមផ្លូវក្រវាត់ក្រុងទី៣។ លុះក្រោយមក មានបុរសម្នាក់បានបើកម៉ូតូកង់បីពណ៌សមួយគ្រឿង គ្មានស្លាកលេខ ដោយមានអ្នកដំណើរ ៣នាក់រួមដំណើរជាមួយ ធ្វើដំណើរតាមបណ្តោយផ្លូវក្រវាត់ក្រុងទី៣ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន។
ប្រភពដដែលបានបន្តថា លុះពេលមកដល់ចំណុចកើតហេតុ ម៉ូតូកង់បីខាងលើបានរេចង្កូតទៅបុកពីក្រោយរថយន្តបែនដឹកដីយ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូកង់បីកៀបជាប់ក្នុងយានយន្ត និងរងរបួសធ្ងន់។ ចំណែកអ្នកដំណើរទាំង ៣នាក់ បានបណ្តាលឱ្យស្ត្រីម្នាក់ និងបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ ខណៈមនុស្សទាំងពីរនាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ចុះទៅពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ រួចបាននាំយកម៉ូតូកង់បី និងរថយន្តបែនដឹកដីទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី។ ដោយឡែក សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ភារ៉ា ដង្កោ










