ភ្នំពេញ÷ អនុវត្តតាមបទបញ្ជាផ្ទាល់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្ថិតនៅទីលានប្រជាធិបតេយ្យ ផ្លូវជាតិលេខ៥ ក្រុម៤ភូមិឃ្លាំងសាំងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឃាតកម្ម ( ធាក់ម៉ូតូជនរងគ្រោះរេចង្កូតបុកនឹងផ្លាកសញ្ញាចរាចរណ៍បណ្តាលឲ្យជនរងគ្រោះស្លាប់ និងរងរបួស) កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលា ម៉ោង០២និង៤៥នាទី នៅចំណុចផ្លូវជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ខណៈដែលជនរងគ្រោះជិះម៉ូតូ០១ គ្រឿង មានគ្នា០៣នាក់ឌុបគ្នាត្រូវបានជនសង្ស័យជាក្មេងទំនើងមានគ្នា០២នាក់ ជិះម៉ូតូ០២គ្រឿង ដេញតាមពីក្រោយធាក់ម៉ូតូជនរងគ្រោះរេចង្កូតដួលបុកនឹងផ្លាកសញ្ញាចរាចរណ៍បណ្តាលឲ្យជនរងគ្រោះ០១នាក់ស្លាប់នៅកន្លែងកើតហេតុនិង០២នាក់ទៀតទទួលរងរបួសធ្ងន់ស្រាល ។ ជនរងគ្រោះបន្តាប់មក ត្រូវបានគេដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំពោះករណីនេះមូលហេតុរវាងជនរងគ្រោះនិងជនសង្ស័យបានមានជម្លោះជាមួយគ្នានៅក្បែររង្វង់មូលនាងមច្ឆា។
ជនសង្ស័យទាំង០២នាក់រួមមាន :
១- ឈ្មោះ ប្រុស វណ្ណី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ (អ្នកដឹកអីវ៉ាន់) ទីលំនៅ ស្ថិតនៅផ្សារប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ(ជាជនដៃដល់)។
២- ឈ្មោះ ផល សុហៀង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ(អ្នកដឹកអីវ៉ាន់) ទីលំនៅ ស្ថិតនៅផ្សារប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ជាបក្ខពួក)។
វត្កុតាងចាប់យក ម៉ូតូធ្វើសកម្មភាព ចំនួន ០២ គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យខាងលើកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ កំពុងធ្វើការសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ សុរិយា










