ភ្នំពេញ៖ បុរសម្នាក់ដែលមានអាកប្បកិរិយាមិនប្រក្រតី និងកាន់កាំបិតប៉័ងតោគំរាមកំហែងប្រជាពលរដ្ឋ បង្កការភ័យខ្លាចក្នុងមូលដ្ឋាន ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចុះអន្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗ ក្រោយទទួលបានបណ្តឹងតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៦:៣៤នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលលេខ៣ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ យុន ចិន ភេទប្រុស អាយុ៣២ឆ្នាំ។
ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះដល់ទីតាំងកើតហេតុជាបន្ទាន់ និងធ្វើអន្តរាគមន៍ឃាត់ខ្លួនបុរសខាងលើ បន្ទាប់មកបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
តាមការបញ្ជាក់ក្នុងព័ត៌មានរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានធ្វើតេស្តទឹកនោម និងរកឃើញមានសារធាតុញៀន។ លទ្ធផលនេះបង្ហាញថា ជនសង្ស័យមានការពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន ដែលអាចជាកត្តាមួយបណ្តាលឱ្យមានអាកប្បកិរិយាមិនប្រក្រតី និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ឱ្យទាក់ទងមកកាន់កងរាជអាវុធហត្ថភ្លាមៗ ក្នុងករណីជួបហេតុការណ៍ដែលត្រូវការអន្តរាគមន៍បន្ទាន់។ សម្រាប់ការស្នើសុំអន្តរាគមន៍ ប្រជាពលរដ្ឋអាចទាក់ទងតាមរយៈ លេខទូរស័ព្ទបន្ទាន់៖ ១២៩១,Telegram, WhatsApp និង CoolApp៖ 031 5555 669, Facebook Page៖Phnom Penh Gendarmerie។
កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការរាយការណ៍រាល់ករណីដែលបង្កហានិភ័យដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យកម្លាំងមានសមត្ថកិច្ចអាចចុះអន្តរាគមន៍បានទាន់ពេលវេលា៕
ដោយ៖ សុរិយា










