កម្ពុជាសុំការគាំទ្រសកម្មភាពមីន មនុស្សធម៌ និងពង្រឹងភាពជាដៃគូជាមួយសហភាពអឺរ៉ុប

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជាសុំការគាំទ្រសកម្មភាពមីន មនុស្សធម៌ និងពង្រឹងភាពជាដៃគូជាមួយសហភាពអឺរ៉ុប លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់បែបនេះក្នុងជំនួប ពិភាក្សាការងារជាមួយលោកស្រី Markéta Homolková អនុប្រធានផ្នែករំសាយសព្វាវុធ ការមិនរីកសាយភាយអាវុធ និងការគ្រប់គ្រងការនាំចេញអាវុធ នៃអង្គភាពសេវាកិច្ចការបរទេសរបស់សហភាពអឺរ៉ុប ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសចូលរួមសន្និសីទស្តីពីសកម្មភាពមីននៅអ៊ុយក្រែន ។

លោកបណ្ឌិត លី ធុជ បានអរគុណចំពោះ សហភាពអឺរ៉ុប ដែលបានផ្តល់ការគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា ព្រមទាំងការជំរុញការអនុវត្តផែនការសកម្មភាពសៀមរាប-អង្គរ។ លោកប្តេជ្ញាចិត្ដ កម្ពុជា ចំពោះអនុសញ្ញាអូតាវ៉ា និងការត្រៀមខ្លួនក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ជាង៣ទសវត្សរ៍របស់ខ្លួន ដើម្បីរួមចំណែកជួយដល់ប្រទេសនានាដែលកំពុងរងផលប៉ះពាល់ដោយសារមីន។

លោក ស្នើឱ្យសហភាពអឺរ៉ុបបន្តគាំទ្រការរក្សាបទឈប់បាញ់ និងដំណើរការបោះបង្គោលព្រំដែនកម្ពុជា-ថៃ ដើម្បីបង្កលក្ខណៈអំណោយផលដល់ប្រតិបត្តិការដោះមីនមនុស្សធម៌ ការការពារសុវត្ថិភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍសហគមន៍តាមតំបន់ព្រំដែន។

ជាការឆ្លើយតប លោកស្រី Markéta Homolková បានកោតសរសើរចំពោះការប្តេជ្ញាចិត្តនយោបាយ និងសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន ជាពិសេសការប្រែក្លាយចម្ការមីនទៅជាដីកសិកម្ម និងដីសម្រាប់ការអភិវឌ្ឍ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកស្រីក៏បានទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការផ្តល់ការគាំទ្រ និងជំនួយដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមផងដែរ។

លោកស្រីបានបង្ហាញពីការរំពឹងទុកក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងរដ្ឋភាគីនានា ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពសៀមរាប-អង្គរ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិក្រោមក្របខណ្ឌអនុសញ្ញាអូតាវ៉ា។ ជំនួបនេះបានបង្ហាញពីការបន្តពង្រឹងភាពជាដៃគូរវាងកម្ពុជា និងសហភាពអឺរ៉ុប ព្រមទាំងតួនាទីសកម្មរបស់កម្ពុជាក្នុងការជំរុញរបៀបវារៈសកម្មភាពមីនមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅរួមគ្នាកសាងពិភពលោកមួយដែលមានសុវត្ថិភាព និងគ្មានការគំរាមកំហែងដោយសារមីន ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print