ខេត្តរតនគិរី÷ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយ សារ រថយន្តបានជ្រុលចង្កូតទៅបុកនិងបង្គោលភ្លើងយ៉ាងពេញទំហឹងបណ្តាលឲ្យបង្គោលភ្លើង១ដើមបាក់សង្កត់ពីលើរថយន្ត ហើយចរន្តអគ្គីសនីឆក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦លើផ្លូវលេខ3789 ត្រង់ចំណុច អូរប៉ាច ស្ថិតក្នុងភូមិយឺន ឃំុកក់ ស្រុកបរកែវ ខេត្តរតនគិរី ។
លោក ជួប វណ្ណរក្ស អធិការនគរបាលស្រុកបរកែវ បានឲ្យដឹងនៅរសៀលថ្ងៃទី១៦វិច្ឆិកានេះថា រថយន្ត១គ្រឿងម៉ាក TOYOTA HILUX-REVO RALLY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-5290 បើកបរដោយឈ្មោះ ទិត្យ សុផ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែកមានទីលំនៅបច្ចុប្បន្នភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី (ត្រូវខ្សែភ្លើងឆក់ស្លាប់នៅកន្លែងកើតហេតុ)។
លោកអធិការបន្តថា មូលហេតុ អ្នកបើកបស្លាប់ដោយ សារជនរងគ្រោះបានរលូនចេញពីក្នុងរថយន្ត បម្រុងនិងវាឡើងមកលើផ្លូវជាតិ ទើបបណ្ដាលឲ្យខ្សែភ្លើងឆក់ស្លាប់នៅកន្លែងកើតហេតុ គ្រាដែលបង្គោលភ្លើងនោះបានបាក់និងដាច់ខ្សែភ្លើងមកសង្កត់ពីលើរថយន្តពេញទំហឹង។ ជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យពិតជាខ្សែភ្លើងឆក់ស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តខាងលើ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីបំពេញបែបបទធ្វើសំណុំរឿង បញ្ជូនទៅតំណាងអយ្យការអមសាលាដំបូងខេត្តតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










