ខេត្តកំពង់ស្ពឺ÷ កម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីមាន ការប្តឹងសុំកិច្ចអន្តរាគមន៍ពីកម្លាំងអាវុធហត្ថ តាមរយៈលេខទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ ១២៩២ ពាក់ ព័ន្ធករណីហិង្សាក្នុងគ្រួសារ ក្នុងភូមិសាស្រ្តស្រុកសំរោងទង។
អនុវត្តតាមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្រប សម្រួលនីតិវិធីពី ព្រះរាជអាជ្ញា អមសាលាដំបូងខត្តកំពង់ស្ពឺ កាលពីវេលាម៉ោង២២:១៥នាទី ថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារប្រចាំមណ្ឌលប្រតិបត្តិការ HotLine 1292 (២៤ម៉ោងលើ២៤ម៉ោង) នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលការហៅចូលពីបងប្អូនប្រជាពលរដ្ឋម្នាក់ បានរាយការណ៍និងប្តឹងដើម្បីសុំកិច្ចអន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ថាមានករណីហិង្សាក្នុងគ្រួសារ នៅភូមិដក់ពរ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋពាក់ព័ន្ធករណីខាងលើ ភ្លាមៗកម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយ លោកវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានចុះទៅដល់ចំណុចកន្លែងកើតហេតុផ្ទះរបស់ជនរងគ្រោះឈ្មោះ ង៉ោ ង៉ែត ភេទប្រុស អាយុ ៣៥ ឆ្នាំ (ត្រូវជាប្អូនថ្លៃ) និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់មានឈ្មោះ ស៊ុន ឈន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ (ត្រូវជាបងថ្លៃ) ជាប់ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ ដែលប្រព្រឹត្តកាលពីវេលាម៉ោងន២១:១០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅភូមិដក់ពរ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មុនឈានដល់ប្រើអំពើហិង្សាខាងលើ ជនសង្ស័យបានធ្វើសកម្មភាព ផឹកស្រាស្រវឹង រករឿង អុកឡុក ស្រែកឡូឡា យករណាអាឈើដេញវាយ និងយកកាំបិតប៉័ង តោយកគំរាមកំហែងកាប់ទៅលើប្អូនថ្លៃរបស់ខ្លួន។
ជាលទ្ធផលកម្លាំងកងរាជអាវុធហត្ថ ចាប់យកវត្ថុតាងបានរួមមាន៖ រណាអាឈើចំនួន ០១ និងកាំបិតតាំងតោចំនួន ០១ដើម។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវកម្លាំងមន្ទីស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធីជាធរមាន ៕
ដោយ៖ សុរិយា










