រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា ហ្សង់ ហ្វ្រង់ស័រ តាន បង្ហាញសារសំខាន់ៗទាំង ៤ ដែលសម្តេចធិបតី លើកឡើងនៅលើវេទិកាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី២១ នៅទីក្រុងម៉ានីល

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាយប់ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ហ្សង់ ហ្វ្រង់ស័រ តាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហាញជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីសារគន្លឹះសំខាន់ៗចំនួន ៤ ដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឡើងនៅលើវេទិកានៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី២១ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

 

នាឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់លម្អិតអំពីសារទាំង ៤ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមមាន៖

*១. គោលការណ៍ស្នូលរបស់អាស៊ាន៖ សម្តេចធិបតីបានគូសបញ្ជាក់ជាថ្មីថា កម្ពុជាប្តេជ្ញាគោរពគោលការណ៍ស្នូលរបស់អាស៊ាន រួមមានការគោរពអធិបតេយ្យភាព ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ សម្តេចបានសង្កត់ធ្ងន់ថា គោលការណ៍ទាំងនេះ មិនមែនគ្រាន់តែជាពាក្យស្លោកនោះទេ ប៉ុន្តែគឺជារបាំងការពារដ៏រឹងមាំសម្រាប់ប្រទេសតូច និងមធ្យម។

 

*២. បញ្ហាសន្តិសុខតំបន់ និងសមុទ្រចិនខាងត្បូង៖ សម្តេចធិបតីបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីដោះស្រាយបញ្ហាសន្តិសុខរួម ជាពិសេសបញ្ហាសមុទ្រចិនខាងត្បូង។ ក្នុងន័យនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា សន្តិភាព និងស្ថិរភាពនៅលើដែនសមុទ្រ គឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំងអស់គ្នា។

 

*៣. ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖ សម្តេចធិបតីបានចាត់ទុកបទល្មើសនេះថាជាឧក្រិដ្ឋកម្មឆ្លងដែន ដោយសារជនរងគ្រោះ និងក្រុមឧក្រិដ្ឋជនសុទ្ធតែមកពីគ្រប់ទិសទី ដូច្នេះគ្មានប្រទេសណាមួយអាចយកឈ្នះលើបញ្ហានេះតែម្នាក់ឯងបានឡើយ។ ទន្ទឹមនឹងនេះ សម្តេចបានរំលឹកពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការឆ្លើយតបកម្រិតជាតិ និងការរៀបចំសន្និសីទអន្តរជាតិនៅរាជធានីភ្នំពេញ កាលពីខែកញ្ញាកន្លងទៅ ដែលមានប្រតិភូចូលរួមប្រមាណជាង ៦០០នាក់ និងមកពីអង្គការចំនួន ៧ ដើម្បីបញ្ជាក់ថា កម្ពុជាមិនត្រឹមតែនិយាយប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាបានអនុវត្តជាក់ស្តែង ហើយអំពាវនាវឱ្យសហគមន៍អន្តរជាតិរួមដៃគ្នាដោះស្រាយបញ្ហានេះ។

 

*៤. ជម្លោះព្រំដែនកម្ពុជា-ថៃ៖ សម្តេចធិបតីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់ ដែលបានគាំទ្រការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

...

 

សម្តេចធិបតី បានគូសបញ្ជាក់ថា ទោះបីជាការប្រយុទ្ធគ្នាបានបញ្ចប់ជិតមួយឆ្នាំទៅហើយក្តី ក៏ឫសគល់នៃជម្លោះនេះនៅដដែល នោះគឺខ្សែព្រំដែនមិនច្បាស់លាស់ ដែលមិនទាន់ត្រូវបានដោះស្រាយរួចនៅឡើយ។ ហេតុដូច្នេះហើយ សម្តេចធិបតីបានស្នើជាថ្មីដល់ភាគីថៃ ឱ្យសហការជាមួយកម្ពុជា ដើម្បីបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនជាបន្ទាន់ តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដូចដែលបានចែងយ៉ាងច្បាស់ក្នុងកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខារួមគ្នា រួមមាន សេចក្តីប្រកាសកូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងជាពិសេសសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សំដៅត្រួសត្រាយផ្លូវឆ្ពោះទៅរកដំណោះស្រាយយូរអង្វែង និងសន្តិភាពប្រកបដោយចីរភាព៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print