ខេត្តកំពង់ស្ពឺ៖ មន្ត្រីកងរាជអាវុធហត្ថស្រុកសំរោងទងបានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះថា ជនសង្ស័យម្នាក់ ត្រូវកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងឃាត់ ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងភូមិសាស្ត្រស្រុកសំរោងទង។
ក្រោមការចង្អុលបង្ហាញនិងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅវេលាម៉ោង១៧និង៥០នាទី នាថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅចំណុចផ្លូវបេតុងក្នុងភូមិព្រៃរំដួល ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ សយ គង់ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ព្រៃរំដួល ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ,ចាប់យកវត្ថុតាងបានរួមមាន:ម្សៅក្រាមសថ្លាសង្ស័យជាសាធាតុញៀន ចំនួន០៤កញ្ចប់(ទម្ងន់៣.៤៧ក្រាម),ម៉ូតូចំនួន០១ គ្រឿង(ម៉ាកHONDA Wave ផ្លាកលេខ កំពង់ស្ពឺ 1N 0687 ពណ៍ខ្មៅ),ទូរស័ព្ទចំនួន០១គ្រឿងនិងខ្សៀជក់ចំនួន០១។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានកសាងសំណុំរឿងបញ្ជូទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕
ដោយ៖ សុរិយា










