ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក Toyota Prius ក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន រហូតជ្រុលទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ និងធ្វើឱ្យក្បាលនាគថ្មរងការខូចខាតមួយកង់។ សំណាងល្អ មិនបណ្តាលឱ្យមានអ្នករងរបួសឡើយ ខណៈអ្នកបើកបរបានចាកចេញពីកន្លែងកើតហេតុបាត់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨យប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-5240 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ អ្នកបើកបរបានព្យាយាមវ៉ាជែង ប៉ុន្តែដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកក្បាលនាគថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យក្បាលនាគថ្មវៀចទ្រង់ទ្រាយចំនួន១កង់ និងរថយន្តរងការខូចខាតផ្នែកខាងមុខ ចំហៀងខាងឆ្វេងយ៉ាងដំណំ។ តែក្នុងហេតុការណ៍នេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។ ចំណែកអ្នកបើកបរបានចាកចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកបានចុះមកធ្វើការពិនិត្យ និងវាស់វែង រួចស្ទូចយករថយន្តដែលរងការខូចខាតទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ










