ភ្នំពេញ÷ នគរបាលឃាត់ខ្លួនបានហើយជនសង្ស័យដែលប្រព្រឹត្តអំពើឃាតកម្មទៅលើស្ត្រីមេម៉ាយដែលត្រូវជាសង្សាព្រោះតែភ្លើងប្រចណ្ឌ នៅចំណុចផ្ទះលេខ១២ ផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ។
កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថាមានករណីឃាត់កម្មកើតឡើង នៅចំណុចផ្ទះលេខ១២ ផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ដោយម្តាយជនរងគ្រោះបានទូរសព្ទមកជនរងគ្រោះតែទំនាក់ទំនងមិនបានសោះ លុះនៅវេលាម៉ោងប្រហែល ១៣ និង៣០នាទី ថ្ងៃដដែល គាត់បានមករកជនរងគ្រោះដល់ផ្ទះឃើញទ្វាររបងចាក់សោពីខាងក្រៅ ដោយគាត់មានកូនសោផ្ទះមួយឈុតដែរ ទើបគាត់ចាក់សោបើកទ្វាររបង រួចបើកទ្វារផ្ទះឡើងទៅបន្ទប់ដេកខាងលើស្រាប់តែឃើញជនរងគ្រោះដេកស្លាប់លើពូកបាត់ទៅហើយ»។
ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុខាងលើត្រួតពិនិត្យ និងធ្វើការសាកសួរពីប្រជាពលរដ្ឋដែលត្រូវម្ដាយបង្កើតរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចឱ្យដឹងថា៖ «ជនរងគ្រោះដែលជាស្ដ្រីម៉េម៉ាយដែលបានលែងលះប្ដីរយៈពេល ១០ឆ្នាំមកហើយ ក្រោយ ពីបានលែងលះរួចក៏មានទំនាក់ទំនងសេ្នហាជាមួយជនសង្ស័យបានរយៈពេលប្រហែល ០១ឆ្នាំ»។
ភ្លាមៗនោះលោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានបើកការស្រាវ ជ្រាវដោយបានបញ្ជាលោកវរសេនីយ៍ទោ សុខ ស៉ីវុត្ថា អធិការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំង សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តស្រាវជ្រាវគ្រប់ទីកន្លែង រហូតបានទទួលបានដំណឹងពីអាជ្ញាធរស្រុកឈូកថា ជនសង្ស័យបានយកម៉ូតូ១គ្រឿងដែលជាម៉ូតូរបស់ជនរងគ្រោះយកមកទុកចោលនៅជើងភ្នំ ស្ថិត នៅភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។
រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលព័ត៌មានបន្ថែម និងមានការសហការពីអាជ្ញាធរស្រុកឈូក ខេត្តកំពត បង្ហាញពីតម្រុយរបស់ជនសង្ស័យថាបានលាក់ខ្លួនក្នុងព្រៃ លើភ្នំ ដែលស្ថិតនៅភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ទើប សមត្ថកិច្ចបានពង្រាយកម្លាំងដើម្បីចុះធ្វើប្រតិបត្តិការរហូតឈានទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ បាន សម្បត្តិ ភេទប្រុស អាយុប្រហែល ៣៤ឆ្នាំ ស្រុកកំណើត ខេត្តកំពត
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលារដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










