ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានប្រកាសសាលក្រមផ្តន្ទាទោសស្ត្រីអ្នកលក់ផលិតផលតាមអនឡាញដ៏ល្បីឈ្មោះម្នាក់ ដែលប្រើគណនីបណ្តាញសង្គម Facebook ឈ្មោះ «JJ.CHING» ដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពាក់ព័ន្ធនឹងករណីបើករថយន្ត Range Rover បុកអ្នកជិះម៉ូតូម្នាក់បណ្តាលឱ្យស្លាប់ រួចបើករថយន្តរត់គេចពីកន្លែងកើតហេតុ។
យោងតាមព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ ជនជាប់ចោទមានឈ្មោះ សៅ លីឈីង ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរជាអ្នកលក់ផលិតផលតាមអនឡាញ និងមានអាសយដ្ឋាននៅបុរីវិមានភ្នំពេញ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជនជាប់ចោទត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់អ្នកដទៃ តាមមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបទរត់គេចខ្លួន តាមមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌ។ ស្ត្រីរូបនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។
គួររំឭកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៨៖៥០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ដោយស្ត្រីរូបនេះបានបើករថយន្តម៉ាក Range Rover ពាក់ស្លាកលេខ «កម្ពុជា JJ.CHING» បុកអ្នកជិះម៉ូតូម្នាក់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
ក្រោយបង្កហេតុ ស្ត្រីរូបនេះត្រូវបានរាយការណ៍ថា បានបើករថយន្តចាកចេញពីកន្លែងកើតហេតុ និងយករថយន្តទៅប្លុងចោល ដោយមិននៅរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់នោះទេ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបានបើកការស្រាវជ្រាវ និងស្វែងរកជនបង្ក រហូតឈានដល់ការចាប់ខ្លួនស្ត្រីរូបនេះ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ដើម្បីបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










