ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធី បើកជាផ្លូវការ «ពិព័រណ៍ផលិតផលខ្មែរ» លើកទី ៤ ក្រោមប្រធានបទ «រួមគ្នាផលិត, រួមគ្នាប្រើផលិតផលជាតិ» នៅព្រឹកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៦ នៅរាជធានីភ្នំពេញ។
មានប្រសាសន៍ក្នុងឱកាសនេះ, សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលចាត់ទុកវិស័យ ឯកជន ជាពិសេស សហគ្រាសធុនមីក្រូ តូច និង មធ្យម ជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបានរបស់ រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារ, បង្កើនចំណូលគ្រួសារ, លើកកម្ពស់ផលិតកម្ម និង តម្លៃបន្ថែមក្នុងស្រុក, ជំរុញ សហគ្រិនភាព និង នវានុវត្តន៍, និង ពង្រឹងភាពធន់ និង បរិយាប័ន្ន នៃសេដ្ឋកិច្ចជាតិ ស្របតាមទិសស្លោក «សហគ្រាស ធុនមីក្រូ តូច និង មធ្យម មានខ្លួនតូច ប៉ុន្តែមានតួនាទីធំក្នុងការពង្រឹងភាពរឹងមាំ នៃសេដ្ឋកិច្ចគ្រួសារ, សេដ្ឋកិច្ចមូលដ្ឋាន និង សេដ្ឋកិច្ចជាតិទាំងមូល» ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា ការពង្រឹងផលិតកម្មក្នុងស្រុក គឺស្មើគ្នានឹងការពង្រឹង ភាពធន់ នៃសេដ្ឋកិច្ចជាតិ ដោយត្រូវផ្តោតលើសមត្ថភាពផលិតទំនិញ និង ផ្តល់សេវា សម្រាប់បំពេញតម្រូវការក្នុងស្រុក ឱ្យបានច្រើន ព្រមទាំង ផលិតនូវផលិតផលដែលកម្ពុជាមានឧត្តមភាពប្រកួតប្រជែង ។ ទន្ទឹមនេះ, ការពង្រឹងផលិតកម្ម ក្នុងស្រុក ត្រូវដើរទន្ទឹមគ្នានឹងការរក្សាបរិយាកាសពាណិជ្ជកម្មបើកចំហ និងការប្រកួតប្រជែងដោយស្មើភាព ដើម្បីឱ្យរោងចក្រ – សហគ្រាសកម្ពុជា អាចអភិវឌ្ឍខ្លួនជាប្រចាំ សំដៅចូលកាន់តែជ្រៅទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និង សកល ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការបង្ហាញនូវស្មារតីស្នេហាជាតិ ប៉ុណ្ណោះទេ, ប៉ុន្តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូង និង ការជំរុញលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ឱ្យសម្រេចបោះទុន វិនិយោគ, ខិតខំផលិតឱ្យបានច្រើន និង ពុះពារឈរជើងលើទីផ្សារពោរពេញទៅដោយការប្រកួតប្រជែង ។ ទោះយ៉ាងណា, ម្ចាស់រោងចក្រ-សហគ្រាសត្រូវចងចាំថា ការគាំទ្រគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ ។ ការរក្សាទីផ្សារឱ្យបានយូរអង្វែង គឺត្រូវពឹងផ្អែកទាំងស្រុងលើគុណភាព, សុវត្ថិភាព, ស្តង់ដា, ថ្លៃសមរម្យ, និយាយជារួម គឺត្រូវធានាឱ្យបាននូវគុណតម្លៃ និង ទំនុកចិត្តលើផលិតផល, ទើបជាកត្តាជំរុញឱ្យមានការគាំទ្រ និង ជ្រើសរើសប្រើប្រាស់ជាប្រចាំ ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និង វិនិយោគ ជាពិសេស ប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និង មធ្យម ដោយបានសិក្សា និង គ្រោងដាក់ចេញនូវ៖ ទី១. អនុក្រឹត្យស្តីពីការគ្រប់គ្រងវដ្តអាជីវកម្មរបស់សហគ្រាសធុនតូច និង មធ្យម ដើម្បីជួយសម្រួលដល់ដំណើរការគ្រប់គ្រង អាជីវកម្ម តាំងពីដំណាក់កាលចាប់ផ្តើម រហូតដល់ដំណាក់កាលបិទបញ្ចប់អាជីវកម្ម, និង ទី២. អនុក្រឹត្យស្តីពីការលើកទឹកចិត្ត ដល់សហគ្រាសធុនតូច និង មធ្យម ដើម្បីជួយសហគ្រាសធុនមីក្រូ តូច និង មធ្យម ឱ្យអាចងើបឡើង, ឈរជើង និង ដើរបានលឿន តាមរយៈ យន្តការលើកទឹកចិត្ត, ទាំងហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ, ដោយផ្ទាល់ និង ប្រយោល ។ ជាមួយនេះ, រាជរដ្ឋាភិបាលក៏បានបង្កើត អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និង មធ្យម ដែលជាយន្តការ ជវភាពនៃប្រព័ន្ធ តួអង្គតែមួយ សម្រាប់ដោះស្រាយជាប្រព័ន្ធនូវបញ្ហាប្រឈមជារចនាសម្ព័ន្ធ ប្រកបដោយតម្លាភាព, ការទទួលខុសត្រូវខ្ពស់ និង មានភាពប្រាកដនិយមបំផុត ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការអភិវឌ្ឍវិស័យឯកជន មិនអាចពឹងផ្អែកតែលើការបង្កើន ចំនួនអាជីវកម្ម ឬ ការផ្តល់ហិរញ្ញប្បទានប៉ុណ្ណោះទេ, ប៉ុន្តែត្រូវផ្តោតលើការបង្កើនផលិតភាព, គុណភាព, តម្លៃបន្ថែម និង សមត្ថភាពប្រកួតប្រជែង, ពិសេស ចំនួនសហគ្រាសដែលត្រូវបន្តរស់រាន និង បន្តរីកចម្រើន។ បន្ថែមពីនេះ, សម្តេចធិបតី ចង់ឃើញផលិតដែលដាក់លក់ក្នុងទីផ្សារកម្ពុជា មានផលិតផលិតក្នុងប្រទេស ៨០% និងផលិតនាំចូលពីក្រៅប្រទេសតែ ២០% ។ ហេតុនេះ, វិស័យឯកជន ត្រូវចូលរួមពង្រឹងខ្លួនឯង ដើម្បីផលិតនូវផលិតផលរបស់ខ្លួនឱ្យមានគុណភាពល្អ ដើម្បីធានាបាននូវ ការប្រកួតប្រជែងក្នុងទីផ្សារ ។ បន្ថែមពីនេះ, នៅពេលអនាគត រាជរដ្ឋាភិបាល បាននិងកំពុងគិតគូរ កំណត់ប្រភេទអាជីវកម្ម ដែលសម្រាប់តែផលិតនៅក្នុងស្រុក និងមានវិនិយោគិនជាជនជាតិខ្មែរតែម្តង ។ ក្នុងន័យនេះ, សូមប្រជាពលរដ្ឋបន្តគាំទ្រ ផលិតផលខ្មែរ ដោយការស្រឡាញ់ផលិតផលខ្មែរ ហើយកុំស្រឡាញ់តែមួយពេលៗ ត្រូវស្រឡាញ់រហូត ដើម្បីចូលរួមពង្រឹង គុណភាពផលិតផលខ្មែរ ។
ជាទីបញ្ចប់, សម្តេចធិបតី នាយករដ្ឋមន្ត្រី បានជំរុញឱ្យអ្នកផលិតនូវផលិតផលពាក់ព័ន្ធនឹងវិស័យវប្បធម៌ ត្រូវផលិត ឱ្យត្រូវ និងត្រូវរក្សាឱ្យបាននូវភាពជាអត្តសញ្ញាណពិតប្រាកដរបស់ខ្មែរ កុំឱ្យមានការក្លាយពីវប្បធម៌អ្នកដទៃ ដើម្បីធានាថា ផលិតផលទាំងអស់នោះផលិតចេញទៅជាអត្តសញ្ញាណរបស់ខ្មែរយើង ។ បន្ថែមពីនេះ, អ្នកប្រើប្រាស់ក៏ត្រូវតែស្វែងយល់ ឱ្យច្បាស់អំពីអត្តសញ្ញាណរបស់ខ្មែរ ដើម្បីចៀសវាងការប្រើប្រាស់ខុស ហើយកូនខ្មែរ ត្រូវតែជាភ្នាក់ងារតំណាង (BA)ឱ្យ វប្បធម៌ និងសិល្បៈរបស់ខ្មែរ ។ ពាក់ព័ន្ធនឹងបញ្ហានេះ, សម្តេចធិបតី បានណែនាំឱ្យ ទី១. ការស្រាវជ្រាវឱ្យបានច្បាស់លាស់ អំពីសិល្បៈ និង វប្បធម៌របស់ខ្មែរ, ទី២. ការផ្សព្វផ្សាយ និងការបោះផ្សាយសៀវភៅណែនាំ ដើម្បីផ្សព្វផ្សាយ និងបណ្តុះបណ្តាល ដល់អ្នកពាក់ព័ន្ធឱ្យបានយល់ច្បាស់ និង ទី៣. ការរៀបចំជាសារៈមន្ទីរសម្រាប់ដាក់តាំងផលិតផលវប្បធម៌ជាតិ៕ដោយ៖តារា










