ខេត្តព្រះសីហុ ៖ វេលាម៉ោង១០:៣០នាទី ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានទទួលបទបញ្ជា ពីលោកឧត្តមសេនីយ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធមួយបានកើតឡើងនៅចំណុចហាងកាហ្វេ លូមី ស្ថិតក្នុងក្រុម១៣ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយពីទទួលបានព័ត៌មានទទួលបញ្ជា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ចំនួន០៦នាក់ សហការជាមួយកម្លាំងជំនាញមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស និង ជំនាញមន្ទីស្រាវជ្រាវព័ត៌មានសន្តិសុខ អ.ហ ខេត្ត ដឹកនាំរួមដោយលោក វ.ឯក ឆេង វុទ្ធី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត ចុះទៅដល់កន្លែងកើតហេតុបានឃើញ បុរសជនជាតិចិនម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម (របួសក្បាលធ្លាយសៀតផ្កាពីម្ខាងទៅម្ខាង) ដោយមានអាវុធខ្លីនៅក្បែរដៃសាកសព និងមានសម្បកខ្ទុះអាវុធខ្លី ចំនួន៦គ្រាប់ នៅកន្លែងកើតហេតុ។
ក្រោយពីកម្លាំងជំនាញធ្វើការពិនិត្យកាមេរ៉ាសុវត្ថិភាព និងសាកសួរសាក្សីនៅកន្លែងកើតហេតុ ឃើញថា នៅវេលាម៉ោង១០:១០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ បុរសជនជាតិចិនខាងលើបានផ្លោះរបងចូលមកក្នុងបរិវេណខាងមុខហាងកាហ្វេ លូមី រួចធ្វើសកម្មភាពយកអាវុធខ្លីមួយដើមបាញ់ឡើងលើ ចំនួន៦គ្រាប់ បន្ទាប់មកដើរចូលក្នុងហាងកាហ្វេ ដើម្បីយកទឹកផឹក និងអង្គុយមួយសន្ទុះ លុះវេលាម៉ោង១០:២២នាទី ថ្ងៃខែឆ្នាំដដែល បុរសជនជាតិចិនខាងលើ បានដើរចេញទៅខាងក្រៅហាង ក៏ប្រទះនឹងកម្លាំងនគរបាល ឃើញដូច្នេះជនជាតិចិនខាងលើ បានដើរត្រឡប់ក្រោយទៅក្បែរបន្ទប់ទឹក(ខាងឆ្វេងហាង)ហើយយកអាវុធភ្ជង់ក្បាលខ្លួនឯង និងនិយាយជាភាសាចិន៤-៥ម៉ាត់ រួចធ្វើសកម្មភាពយកអាវុធខ្លីខាងលើ បាញ់សៀតផ្កាខ្លួនឯងធ្លាយពីម្ខាងទៅម្ខាងបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែតកើតហេតុ។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖
១- អាវុធខ្លី ចំនួន២ដើម ម៉ាក ZORAKI 925-TD ពណ៌ខ្មៅ លេខ 1219-000057 និងមួយដើមទៀត(មិនស្គាល់ម៉ាក) ពណ៌ទឹកប្រាក់ លេខ E00889។
២- សម្បកគ្រាប់ខ្ទុះ ចំនួន៦គ្រាប់
៣- ពូថៅ ចំនួន១ដើម។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឱ្យរថយន្តមន្ទីរពេទ្យបង្អែកខេត្ត ដឹកយកទៅសាលតម្កល់សព ដើម្បីរង់ចាំធ្វើកោសល្យវិច្ច័យ។ ចំណែកវត្ថុតាងត្រូវបានកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ យកទៅរក្សាទុកដើម្បីស្រាវជ្រាវបន្ត។
ចំពោះករណីខាងលើ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី៕
ដោយ ៖ សិលា










