អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបន្តធ្វើបច្ចប្បន្នភាពជូនជនរួមជាតិជ្រាបអំពីស្ថានការណ៍វិវត្តន៍ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ 

ចែករំលែក៖

ភ្នំពេញ ៖ ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ! ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចប្បន្នភាពជូនជនរួមជាតិជ្រាបអំពីស្ថានការណ៍វិវត្តន៍ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលមានដូចតទៅ៖

 

ទី១. គណៈប្រតិភូនិងក្រុមការងារផ្នែកច្បាប់កម្ពុជាបានអញ្ជើញដល់ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីហើយកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំលើកទី៣នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) រវាងកម្ពុជានិងថៃ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាភ្នាក់ងាររាជរដ្ឋាភិបាល អមដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមចរចា និងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនជាភ្នាក់ងាររង។

 

កិច្ចប្រជុំនេះ គឺជាជំហានវិជ្ជមានមួយទៀត ក្នុងដំណើរការដោយសន្តិវិធីដែលផ្តួចផ្តើមដោយកម្ពុជាដើម្បីដោះស្រាយវិវាទដែនសមុទ្ររវាងកម្ពុជានិងថៃ។ ផ្អែកលើលទ្ធផលនៃកិច្ចប្រជុំលើកមុន គណៈកម្មការនិងភាគីទាំងពីរនឹងបន្តពិភាក្សាអំពីការកំណត់ព្រំដែនសមុទ្រដោយផ្តោតសំខាន់លើទិដ្ឋភាពបច្ចេកទេស។ កិច្ចប្រជុំនេះក៏នឹងផ្ដល់ឱកាសក្នុងការស្វែងរកបន្ថែមទៀតនូវចំណុចរួម និងការឯកភាពគ្នា។ តាមរយៈដំណើរការផ្សះផ្សានេះ កម្ពុជាមានគោលបំណងឈានដល់ការចុះសន្ធិសញ្ញាជាមួយប្រទេសថៃដើម្បីកំណត់ព្រំដែនសមុទ្រតែមួយរវាងរដ្ឋទាំងពីរ ឬឈានទៅដល់កិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍរួម និងការបែងចែកធនធាន ដោយសមធម៌ ក្នុងអំឡុងពេលរង់ចាំការព្រមព្រៀងជាស្ថាពរអំពីព្រំដែនសមុទ្រ។

 

ក្នុងករណីដែលជម្រើសទាំងនេះមិនអាចសម្រេចបាន កម្ពុជានឹងស្នើសុំឱ្យគណៈកម្មការរៀបចំអនុសាសន៍ដែលអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចរចានៅពេលអនាគត ដោយអនុលោមតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ។ នេះជាកិច្ចប្រជុំលើកទី៣ហើយ បន្ទាប់ពីកិច្ចប្រជុំលើកដំបូងនៅសិង្ហបុរី កាលពីខែកញ្ញា និងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីខែតុលា។

 

កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះវិធានការកសាងទំនុកចិត្តដែលបានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំលើកទី២នៅទីក្រុងឡាអេ ហើយកម្ពុជាចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ ដោយឈរលើស្មារតីសុចរិតភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ហើយរំពឹងថា នឹងធ្វើការរួមគ្នាជាមួយគណៈកម្មការនិងភាគីថៃ ដើម្បីឈានទៅរកលទ្ធផលមួយដ៏យុត្តិធម៌ និងស្ថិតស្ថិរយូរអង្វែង។

 

២. ពាក់ព័ន្ធបញ្ហាព្រំដែនគោក រាជរដ្ឋាភិបាលកំពុងបន្តធ្វើការងារការទូតយ៉ាងសកម្ម ក្រោមអភិក្រម «កិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុត»។ ក្នុងន័យនេះ ថ្នាក់ដឹកនាំកម្ពុជាតែងតែលើកឡើងជានិច្ចជាមួយដៃគូសន្ទនាបរទេស ក៏ដូចជាក្នុងវេទិកាអន្តរជាតិនានាអំពីការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅតាមបណ្តោយព្រំដែនពីសំណាក់កងទ័ពថៃនិងជនភៀសសឹកកម្ពុជាប្រមាណជា២ម៉ឺននាក់ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញនៅឡើយ។ ការលើកអំពីបញ្ហាទាំងនេះ គឺដើម្បីបង្ហាញការពិតអំពីការបំពានលើបូរណភាពទឹកដីកម្ពុជា និងបញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ដោយផ្អែកលើអនុសញ្ញា សន្ធិសញ្ញា ឯកសារ ផែនទី ដែលទទួលស្គាល់ដោយអន្តរជាតិ។

 

រាជរដ្ឋាភិបាលកម្ពុជាក៏នៅតែបន្តតាមដាននិងតវ៉ាប្រឆាំងរាល់សកម្មភាពកែប្រែស្ថានការណ៍នៅលើដីជាក់ស្តែង (Fait Accomplis) របស់កងកម្លាំងថៃ និងបន្តជំរុញឱ្យភាគីថៃបើកកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងចាត់ក្រុមការងារជំនាញចុះវាស់វែងនៅលើដីជាក់ស្តែងបន្តពីការងារដែលធ្លាប់បានធ្វើរួចមកហើយ ដើម្បីកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរឱ្យច្បាស់លាស់ ដោយគ្មានការពន្យារពេលទៀតឡើយ។ កម្ពុជាក៏បន្តជំរុញឱ្យអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងស្តីពីសន្តិភាពទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ កម្ពុជាក៏បន្តសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ពីស្ថានការណ៍ពិតនៅតាមបណ្តាយព្រំដែន និងបានជួបផ្ទាល់ជាមួយជនភៀសសឹក។

 

សូមបញ្ជាក់ដែរថា ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានរម្លឹកឡើងវិញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ រវាងកម្ពុជា-ថៃ និងជំរុញឱ្យភាគីទាំងពីរគោរពនិងអនុវត្តឱ្យមានប្រសិទ្ធភាពដែលសបញ្ជាក់ពីការបន្តយកចិត្តទុកដាក់ជានិច្ចរបស់ឯកឧត្តមប្រធានាធិបតីចំពោះកិច្ចព្រមព្រៀងដ៏សំខាន់នេះ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះប្រធានាធិបតី ដូណាល់ត្រាំ ដែលបានជួយសម្របសម្រួលឱ្យកើតចេញកិច្ចព្រមព្រៀងនេះ។

 

ដោយឡែក កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក៏បានចេញសេចក្តីសម្រេច ក្នុងនោះបានសម្តែងការព្រួយបារម្ភចំពោះភាពតានតឹងរ៉ាំរ៉ៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់អះអាងជាថ្មីអំពីការគាំទ្រចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

 

សេចក្តីសម្រេចក៏បានសម្តែងការសោកស្តាយចំពោះទុក្ខវេទនារបស់ប្រជាជនដែលត្រូវផ្លាស់ទីលំនៅដោយបង្ខំ ជាពិសេសប្រជាជនកម្ពុជា ដោយអំពាវនាវឱ្យធានាការការពារប្រជាជនស៊ីវិល ការផ្តល់ជំនួយមនុស្សធម៌ដោយគ្មានការរារាំង និងធ្វើយ៉ាងណាឱ្យពួកគេអាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញប្រកបដោយសុវត្ថិភាព និងឱ្យមានដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ, ការចាប់ផ្តើមឡើងវិញឱ្យបានឆាប់រហ័សបំផុតនូវការងារវាស់វែង និងបោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងទាំងអស់ដែលមានស្រាប់។

 

ទាំងនេះគឺជាលទ្ធផលនៃការងារការទូតសកម្មរបស់កម្ពុជា និងជាកម្លាំងការទូតយ៉ាងរឹងមាំក្នុងការជំរុញទៅរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃដោយសន្តិវិធី ដើម្បីកសាងសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print