កងកម្លាំងចម្រុះបន្តពង្រឹងវិធានការបង្ក្រាបបទល្មើសនេសាទយ៉ាងម៉ឺងម៉ាត់ក្នុងរដូវទឹកស្រក ដើម្បីការពារធនធានមច្ឆជាតិក្នុងបឹងទន្លេសាប

ចែករំលែក៖

ខេត្តកំពង់ធំ÷ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការកងឯកភាពបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងចម្រុះ និងមន្ត្រីជំនាញពាក់ព័ន្ធ ឱ្យបន្តពង្រឹងសកម្មភាពល្បាត ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងប្រសិទ្ធភាព ជាពិសេសក្នុងរដូវទឹកស្រកនេះ។

 

ប្រតិបត្តិការបង្ក្រាបត្រូវផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជា របាំងអួនដែលដាក់បិទផ្លូវទឹកតាមដៃព្រែក និងស្ទឹង របាំងស្បៃមុងក្រឡាញឹកនៅតាមតំបន់ព្រៃលិចទឹក ព្រមទាំងឧបករណ៍នេសាទខុសច្បាប់ផ្សេងៗ ដែលបង្កផលប៉ះពាល់ដល់ការធ្វើចរាចររបស់មច្ឆជាតិ ការបន្តពូជ និងជម្រកធម្មជាតិរបស់ត្រី។

 

ទន្ទឹមនឹងការអនុវត្តវិធានការបង្ក្រាបលោកប្រធានគណៈបញ្ជាការ បានណែនាំឱ្យកងកម្លាំងចម្រុះបន្តពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញជលផល ក្នុងការផ្សព្វផ្សាយ អប់រំ និងណែនាំប្រជានេសាទឱ្យគោរពច្បាប់ស្តីពីជលផល បញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងចូលរួមថែរក្សាធនធានធម្មជាតិប្រកបដោយស្មារតីទទួលខុសត្រូវ។

 

ការបង្ក្រាបបទល្មើសនេសាទ មិនត្រឹមតែជាការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកដ៏សំខាន់ក្នុងការការពារធនធានមច្ឆជាតិ ថែរក្សាប្រព័ន្ធអេកូឡូស៊ី និងអភិរក្សជីវៈចម្រុះ ដើម្បីធានានិរន្តរភាពធនធានជលផលក្នុងបឹងទន្លេសាប សម្រាប់ទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print