បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តលឿនបុកម៉ូតូ រួចបន្តរត់ទៅបុកកង់បី បណ្ដាលឱ្យមនុស្ស២នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូពីក្រោយ បណ្ដាលឱ្យអ្នកជិះម៉ូតូរងរបួសបាក់ដៃម្ខាង។ បន្ទាប់មក អ្នកបើកបររថយន្តមិនព្រមឈប់ដោះស្រាយទេ ប៉ុន្តែបានបន្តបើករត់គេចខ្លួន រហូតជ្រុលទៅបុកកង់បីមួយគ្រឿងទៀត បណ្ដាលឱ្យក្រឡាប់ និងធ្វើឱ្យម្ចាស់កង់បីរងរបួសធ្ងន់។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១៖៣០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវទ្រុងមាន់ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2CO-9214 ធ្វើដំណើរតាមបណ្ដោយផ្លូវទ្រុងមាន់ ក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានជ្រុលទៅបុកពីក្រោយម៉ូតូម៉ាក HONDA BEAT មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1KE-0990 ដែលកំពុងជិះដោយយុវជនម្នាក់ បណ្ដាលឱ្យរងរបួសបាក់ដៃម្ខាង។ ក្រោយបង្កហេតុ អ្នកបើកបររថយន្តមិនបានឈប់ទទួលខុសត្រូវឡើយ ប៉ុន្តែបានបន្តបើករត់គេចខ្លួនក្នុងល្បឿនលឿន ហេីយក៏បានជ្រុលទៅបុកពីក្រោយកង់បីពណ៌សមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 1JU-4624 យ៉ាងពេញទំហឹង បណ្ដាលឱ្យកង់បីក្រឡាប់ជាច្រើនត្រឡប់ និងធ្វើឱ្យម្ចាស់កង់បីរងរបួសធ្ងន់ធ្ងរ។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។ ចំណែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននៅកន្លែងកើតហេតុ។

...

 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង និងនាំយកម៉ូតូ កង់បី និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print