ខេត្តកំពង់ស្ពឺ÷ មន្ត្រីនគរបាលស្រុកបរសេដ្ឋឲ្យដឹងនៅព្រឹកថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិល ចុះស្រាវជ្រាវករណីចោរកម្ម(លួចកន្ទុយរ៉ឺម៉ក) កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ ២០២៦ នៅចំណុចភូមិដំណាក់ត្រាច ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺដោយឃាត់ខ្លួនជនសង្ស័យ២នាក់។
មន្ត្រីនគរបាលស្រុកបានឲ្យដឹងថាសមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យបានចំនួន០២នាក់÷១-ឈ្មោះ លី ប៊ូស ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសង្រ្គាមបូ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ជាអ្នកធ្វើសកម្មភាព)និង២-ឈ្មោះ វី រុន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសង្រ្គាមបូ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ជាអ្នកដឹកកន្ទុយរុឺម៉កយកទៅលក់) ។
តាមចម្លើយសារភាពរបស់ជនសង្ស័យលី ប៊ូស ថា ខ្លួននិងបក្ខពួកម្នាក់ទៀតពិតជាបានធ្វើសកម្មភាពចូលលួចកន្ទុយរុឺម៉ករបស់ជនរងគ្រោះប្រាកដមែន លុះព្រឹកឡើងពួកខ្លួនបានអោយឈ្មោះ (វី រុន) យកទៅលក់ ។
ចំពោះវត្ថុតាងកន្ទុយរុឺម៉ក កម្លាំងជំនាញបានប្រគល់ជូនម្ចាស់ប្រើប្រាស់វិញ ចំណែកជនសង្ស័យកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ សុរិយា










