ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក BYD មួយគ្រឿង ក្នុងគោលបំណងធ្វើដំណើរត្រឡប់ទៅផ្ទះ ស្រាប់តែងោកមួយភាំង បណ្ដាលឱ្យរ៉េចង្កូតឡើងលើខឿនចិញ្ចើមផ្លូវ រួចបន្តទៅបុកបង្គោលដែកសំយាបទ្វារផ្ទះលក់សម្ភារៈឈើ និងប៉ាវអ៊ី បណ្ដាលឱ្យខូចខាតបង្គោលដែកមួយដើម ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២:០០នាទីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បានបើករថយន្តម៉ាក BYD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CO-0725 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែអ្នកបើកបរងោកមួយភាំង បណ្ដាលឱ្យរ៉េចង្កូតឡើងលើចិញ្ចើមផ្លូវ រួចបន្តទៅបុកទ្វារផ្ទះលក់គ្រឿងឈើ និងប៉ាវអ៊ី បណ្ដាលឱ្យខូចខាតបង្គោលដែកមួយដើម។ ចំណែករថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ខណៈអ្នកបើកបរត្រូវបានម្ចាស់ផ្ទះឃាត់ទុកនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ ភាគីម្ចាស់រថយន្តបានព្រមសងសំណងថ្លៃជួសជុលការខូចខាតជូនម្ចាស់ផ្ទះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ។ បន្ទាប់មក រថយន្តត្រូវបានស្ទូចយកទៅជួសជុលដោយខ្លួនឯង៕
ដោយ ៖ ភារ៉ា ដង្កោ










