ខេត្តព្រះវិហារ៖ អយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានសម្រេចបើកការស៊ើបសួរលើសំណុំរឿងជនសង្ស័យឈ្មោះ ឆៃហ៊ា លីហេង អាយុ៣០ឆ្នាំ ពាក់ព័ន្ធករណីបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា និងមិនប្រុងប្រយ័ត្ន បណ្តាលឱ្យអ្នកដទៃស្លាប់ច្រើននាក់ ព្រមទាំងរត់គេចខ្លួនពីកន្លែងកើតហេតុ ក្រោយបើករថយន្តបុកម៉ូតូ បណ្តាលឱ្យស្ត្រីម្នាក់ និងកូនស្រី២នាក់ស្លាប់បាត់បង់ ជីវិតនៅនឹងកន្លែង ក្នុងស្រុករវៀង ខេត្តព្រះវិហារ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ អយ្យការបានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ៤៦៩ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៥៖២០នាទីល្ងាច នៅលើផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ៧២-៧៣ ត្រង់ចំណុចមុខផ្ទះឈ្មោះ វង នឿន ស្ថិតក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
ជនសង្ស័យឈ្មោះ ឆៃហ៊ា លីហេង បានបើកបររថយន្តម៉ាក TOYOTA HILUX ពណ៌ស ពាក់ផ្លាកលេខ 01-4751 ទៅបុកម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល 1AM-6995 ដែលបើកបរដោយឈ្មោះ នុន សូនីកា ភេទស្រី អាយុ៣០ឆ្នាំ និងមានអ្នករួមដំណើរជាកូនចំនួន២នាក់ គឺទី១ ឈ្មោះ សុខុម សូនីតា ភេទស្រី អាយុ៩ឆ្នាំ និងទី២ ឈ្មោះ សុខុម រាជនី ភេទស្រី អាយុ២ឆ្នាំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានបណ្តាលឱ្យស្ត្រីជាម្តាយ និងកូនស្រីទាំងពីរនាក់ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុទាំង៣នាក់ បន្ទាប់ពីកើតហេតុ ជនសង្ស័យឈ្មោះ ឆៃហ៊ា លីហេង បានចុះពីលើរថយន្ត រួចរត់គេចខ្លួនចេញពីកន្លែងកើតហេតុ។
អ្នកនាំពាក្យអយ្យការបានបញ្ជាក់ថា ក្រោយពីបានសាក សួរ ពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធក្នុងសំណុំរឿងខាងលើ បានរកឃើញថា ជនសង្ស័យឈ្មោះ ឆៃហ៊ា លីហេង ភេទប្រុស អាយុ៣០ឆ្នាំ និងបក្ខពួក មានការពាក់ ព័ន្ធនឹងករណីនេះ។
តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ៣៧៩ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា និងមិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់អ្នកដទៃច្រើននាក់ និងបទរត់គេចខ្លួន ប្រព្រឹត្តនៅចំណុចកើតហេតុខាងលើ។
សំណុំរឿងនេះត្រូវបានអយ្យការបញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយយោងតាមកថាខណ្ឌ២ ចំណុចគ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌ។
ការចាត់ការតាមនីតិវិធីរបស់ស្ថាប័នអយ្យការនាពេលនេះ គឺជាដំណាក់កាលសំខាន់មួយក្នុងដំណើរការនីតិវិធីតុលាការ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់រហូតដល់ទៅ៣នាក់ក្នុងហេតុការណ៍តែមួយ។
សូមបញ្ជាក់ថា ការសម្រេចបើកការស៊ើបសួរនេះ គឺជានីតិវិធីតុលាការដែលកំពុងបន្ត មិនមែនជាសាលក្រមសម្រេចផ្តន្ទាទោសជនសង្ស័យនៅឡើយទេបច្ចុប្បន្នជនបង្កត្រូវបានបញ្ជូនឃុំខ្លួនជាបណ្ដោះអាសន្នដាក់នៅពន្ធនាគារខេត្តព្រះវិហារ៕










