ប្រទេសចិន ៖ ព្រៃកោងកាង ដែលត្រូវបានគេស្គាល់ថាជា “ព្រៃលើសមុទ្រ”និង “អ្នកការពារមហាសមុទ្រ” បានផ្តល់នូវផលប្រយោជន៍ខាងអេកូឡូស៊ីដ៏សំខាន់ រួមមានការជួយទប់ទល់នឹងខ្យល់និងរលក ការច្រោះទឹកសមុទ្រនិងការផ្តល់ទីជម្រកសម្រាប់សត្វសមុទ្រ។លោក Xi Jinpingប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ជាច្រើនលើកថា ព្រៃកោងកាងគឺជាទ្រព្យសម្បត្តិជាតិ ហើយចាំបាច់ត្រូវតែការពារឱ្យបានល្អ។បច្ចុប្បន្ននេះ ទំហំព្រៃកោងកាងសរុបនៅក្នុងប្រទេសចិនបានកើនឡើងដល់ ៣១.៧០០ ហិកតា ដែលកើនឡើង៤៤%បើធៀបនឹងដើមសតវត្សរ៍នេះ។ដែលធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចនៅលើពិភពលោកដែលសម្រេចបាននូវកំណើនសុទ្ធនៃផ្ទៃដីព្រៃកោងកាង។
នៅក្នុងឆ្នាំ២០២២ ក្នុងកិច្ចប្រជុំលើកទី១៤នៃសន្និសីទភាគីហត្ថលេខីនៃ«អនុសញ្ញាដីសើម» ប្រទេសចិនបានលើកឡើងពីការបង្កើតមជ្ឈមណ្ឌលអន្តរជាតិសម្រាប់អភិរក្សព្រៃកោងកាងនៅទីក្រុងShenzhen។គំនិតផ្តួចផ្តើមនេះទទួលបានការគាំទ្រយ៉ាងទូលំទូលាយ ហើយនៅខែវិច្ឆិកា ឆ្នាំ២០២៤ តំណាងមកពីប្រទេសចំនួន១៨បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតមជ្ឈមណ្ឌលនេះ។កិច្ចព្រមព្រៀងនេះបានចូលជាធរមាននៅឆ្នាំ២០២៦ ហើយពេលដែលមជ្ឈមណ្ឌលនេះក៏ចាប់ផ្តើមដំណើរការជាផ្លូវការ។
ដោយពឹងផ្អែកលើឧត្តមភាពផ្នែកនវានុវត្តន៍ខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃទីក្រុងShenzhen មជ្ឈមណ្ឌលនេះបានចែករំលែកទិន្នន័យស្រាវជ្រាវផ្នែកចាប់សញ្ញាពីចម្ងាយ(remote sensing)និងដើរតួនាទីជាវេទិកាបណ្តុះបណ្តាលអន្តរជាតិ ដោយបានផ្តល់ការ
បណ្តុះបណ្តាលស្តីពីការអភិរក្សប្រព័ន្ធអេកូឡូស៊ីដល់សិក្ខានាមមកពីប្រទេសចំនួន៣១។ពីការអនុវត្តការអភិរក្សក្នុងតំបន់ រហូតដល់វេទិកាសម្រាប់កិច្ចសហប្រតិបត្តិការសកល ព្រៃកោងកាងនៅឈូងសមុទ្រ Shenzhen បានក្លាយជាបង្អួចមួយដែលប្រទេសចិនចែករំលែកបទពិសោធនរបស់ខ្លួនក្នុងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីជាមួយពិភពលោក ព្រមទាំងចាប់ដៃគ្នាការពារ«ផ្ទះពណ៌ខៀវ»៕
ប្រភព ៖ (CCFR)











