សមត្ថកិច្ចនគរបាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យម្នាក់ឆក់យកទូរស័ព្ទដៃក្នុងហាងនិងរត់ឡើងម៉ូតូគេចខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យម្នាក់ឆក់យកទូរស័ព្ទដៃក្នុងហាងនិងរត់ឡើងម៉ូតូគេចខ្លួន។

សមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថាជនសង្ស័យមានឈ្មោះ សឿង ចានរី (ហៅ ចាន់រ៉ា) អាយុ៣០ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ កំពោតស្គៀ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងដកសម្ភារ:វត្ថុតាងរួមមាន ម៉ូតូ០១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ (មធ្យោបាយធ្វើសកម្មភាព) ទូរស័ព្ទ០១គ្រឿងម៉ាក SUMSUNG S23ULTRA  ពណ៌ប្រផេះ(ទូរស័ព្ទរបស់ជនរងគ្រោះ) ។

សមត្ថកិច្ចបញ្ជាក់ទៀតថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៨និង១៥នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ធ្វើការល្បាតចល័តការពារសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន លុះមកដល់ចំណុចលើផ្លូវបេតុងកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ស្រាប់តែមានប្រជាពលរដ្ឋកំពុងដេញតាមម៉ូតូជនសង្ស័យ០១គ្រឿង និងស្រែកឆោរឡោថាចោរៗ ភ្លាមនោះកម្លាំងប៉ុស្តិ៍ បានសហការណ៍ជាមួយគោលដៅប្រទាក់ក្រឡាកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលក្រុងបាវិត តាមឃាត់ លុះមកដល់ត្រង់ចំណុចខាងមុខព្រៃចំការកៅស៊ូក្រវ៉ាត់ក្រុង ជនសង្ស័យបានដួលម៉ូតូ រួចព្យាយាមរត់ចូលព្រៃចំការកៅស៊ូ តែត្រូវកម្លាំងឃាត់បានភ្លាមៗ និងនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ ។

តាមការបំភ្លឺរបស់ឈ្មោះ ពៅ ស្រីនិច្ច ភេទស្រី អាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានឆ្លើយបំភ្លឺថា កាលពីវេលាម៉ោង៨និង៥នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងហាងលក់ទូរស័ព្ទយីហោ ជានិច្ច មានភ្ញៀវកំពុងរកមើលទិញទូរស័ព្ទ ខណៈពេលនោះក៏មានបុរសម្នាក់(ជាជនសង្ស័យ) បានជិះម៉ូតូ០១គ្រឿងមកឈប់ខាងមុខហាង ហើយចូលមករកមើលទិញទូរស័ព្ទម៉ាក IPHONE 13 PRO MAX ពណ៌ទឹកមាស (បាត់រកពុំទាន់ឃើញ) និងទូរស័ព្ទម៉ាក SAMSUNG S23ULTRA នៅពេលកាន់យកមកពិនិត្យមើល ជនសង្ស័យបានឆក់រត់ឡើងជិះម៉ូតូគេចខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចនគរបាលកំពុងធ្វើការសាកសួរ រួមនឹងវត្ថុតាង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត ចាត់ការបន្តតាមច្បាប់៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print