ទំនាក់ទំនងរវាងអាមេរិកនិងមីយ៉ានម៉ាកំពុងឈានដល់ដំណាក់កាលប្រវត្តិសាស្ត្រថ្មីក្រោយពេលប្រធានាធិបតីអូបាម៉ាបានសម្រេចលុបចោលទណ្ឌកម្ម ដែលបានដាក់ទៅលើមីយ៉ានម៉ារយៈពេលជាង២ទស្សវត្តកន្លងមក។ ការសម្រេចខាងលើរបស់ប្រធានាធិបតីអាមេរិកក្រោយពេលមានជំនួបរវាង លោកអូបាម៉ានិងទីព្រឹក្សារដ្ឋាភិបាលលោកស្រីអង់សានស៊ូជីនៅសេតវិមាន។
ប្រភពព័ត៌មានពីសេតវិមានអាមេរិកបានឲ្យដឹងថា ប្រធានាធិបតីអូបាម៉ាបានចុះហត្ថលេខាទៅលើច្បាប់លុបចោលទណ្ឌកម្មទៅលើមីយ៉ានម៉ា ដែលរដ្ឋាភិបាលអតីតប្រធានាធិបតីប៊ីលគ្លីនតុនបានអនុម័ត កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៩៧ ដោយមានមូលហេតុថា រដ្ឋាភិបាលយោធាមីយ៉ានម៉ាគឺជាការគម្រាមកំហែងដល់សន្តិសុខជាតិអាមេរិក។
នៅឆ្នាំ២០០៧ រដ្ឋាភិបាលរបស់អតីតប្រធានាធិបតីGeorge Bush បានអនុម័តដាក់ទណ្ឌកម្មបន្ថែមទៅលើរដ្ឋាភិបាលមីយ៉ានម៉ាលើបញ្ហាសេដ្ឋកិច្ច។
នៅក្នុងលិខិតផ្ញើទៅកាន់រដ្ឋសភាអាមេរិក លោកអូបាម៉ាបានបញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំមើលឃើញថា ស្ថានភាពដែលអាចគំរាមកំហែងដល់សន្តិសុខជាតិអាមេរិកបានផ្លាស់ប្តូរដោយសារតែមានការផ្លាស់ប្តូរដ៏រឹងមាំនៅក្នុងប្រទេសមីយ៉ានម៉ា ក្នុងនោះមានការបោះឆ្នោតជាប្រវត្តិសាស្ត្រ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។
ប្រធានាធិបតីអូបាម៉ាបញ្ជាក់ថា ការសម្រេចលុបចោលទណ្ឌកម្ម និងនាំមីយ៉ានម៉ាវិលត្រឡប់ចូលក្នុងបញ្ចីប្រទេសដែលផ្តល់អទិភាព និងលើកលេងព័ន្ធទៅលើទំនិញទាំងឡាយដែលនាំចូលអាមេរិក ពីមីយ៉ានម៉ា ដូចជាប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ជាច្រើនទៀតដែលអាមេរិកបានអនុវត្តនាពេលកន្លងមក៕
ប្រែសម្រួល៖ ម៉ែវ សាធី